Feature

វៀតណាម វាយតម្លៃខ្ពស់ ចំពោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ISC-2 ដោយជោគជ័យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ ប្រធានសភានៃអន្តរសភា លើកទី២ បានថ្លែងអំណរគុណភាគី វៀតណាម ដែលបានវាយតម្លៃ ចំពោះកម្ពុជាធ្វើជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)បិទបញ្ចប់ដោយជោគជ័យ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្នុងសន្និសីទ សារព័ត៌មាន បិទបញ្ចប់កិច្ចប្រជុំនៃអន្តរសភា លើកទី២នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា សម្ដេចតេជោ ទទួលជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធី ថាញ់អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា ក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះលោកជំទាវអនុប្រធានសភាវៀតណាម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

អ្នកនាំពាក្យបញ្ជាក់ថា “លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃពិធីបើកសន្និសីទកាលពីថ្ងៃទី២៧ សីហា ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជុំវិញពិភពលោក” ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះលោកស្រីដែលបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦នេះ។

ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៧០ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជាខួប៥០ឆ្នាំ ដែលសម្ដេចតេជោបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីគៀងគរការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍៕

To Top