Feature

រដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម អនុម័តផែនការ សកម្មភាពរួម​ សំដៅបង្កើនកំណើនភ្ញៀវទេសចរ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៨ បានអនុម័តផែនការសកម្មភាពរួម ឆ្នាំ២០២៦-២០២៨ សំដៅបង្កើនកំណើនភ្ញៀវទេសចរ រវាងប្រទេសសមាជិក ។

លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទទួល បន្ទុកវិស័យទេសចរណ៍ នៃប្រទេសសមាជិក CLMV នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៨ នេះ គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានបន្តពង្រឹងស្មារតី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងការអនុវត្តចក្ខុវិស័យរួម ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍រួម ការតភ្ជាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ការកសាងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តំបន់។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងបួន បានកត់សម្គាល់របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍ CLMV លើកទី៨ ព្រមទាំងបានអនុម័ត ផែនការសកម្មភាពរួម​​ ​ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៦-២០២៨ និង សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៨ ដើម្បីតម្រង់ទិសការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងបួន ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់លទ្ធផលជាក់ស្តែងរួម ។

តាមរយៈកិច្ចប្រជុំអន្តរជាតិប្រកបដោយផ្លែផ្កានេះ ភាគីទាំងបួនបានឯកភាពបន្ត ជំរុញការអនុវត្តផែនការសកម្មភាពរួមឆ្នាំ២០២៦-២០២៨ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍ឆ្លងកាត់ព្រំដែន ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការពង្រឹងការចូលរួមរបស់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងទទួលខុសត្រូវ ស្របតាមចក្ខុវិស័យរួមគ្នា និងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រទេស និងប្រជាជននៃប្រទេសសមាជិក CLMV ទាំងបួន៕

To Top