ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីជួយពលរដ្ឋពីគ្រោះទឹកជំនន់

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ ជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ក្នុងករណីចាំបាច់។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។

ការត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដានការព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹកជាប្រចាំ។ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវត្រៀមគ្រាប់ពូជស្រូវ និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋ ដែលរងការខូចខាតផលដំណាំ ដែលត្រូវស្ដារឡើងវិញ។

ទន្ទឹមនឹងនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្ដែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយ៕

To Top