Feature

ចោរលួចម៉ូតូដល់ក្នុងផ្ទះ នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ជនរងគ្រោះអំពាវនាវ អោយសមត្ថកិច្ចជួយស្វែងរកម៉ូតូគាត់

ក្រុងឧដុង្គម៉ែជ័យ ៖ ករណីចោរលួចម៉ូតូ HONDA DREAM ពណ៌ខ្មៅ កាលពីវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដល់ក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ទាំងទ្វាររបងបិទជិត កំពុងបង្កការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ដល់សន្តិសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ម្ចាស់ម៉ូតូរងគ្រោះបានប្រញាប់ប្រញាល់ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំវាំងចាស់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវស្វែងរកមុខសញ្ញា ។

ជនរងគ្រោះបានអោយថា ទោះបីជាទ្វាររបងផ្ទះត្រូវបានបិទជិតជាប្រចាំក៏ដោយ ក៏ក្រុមចោរនៅតែហ៊ានចូលលួចម៉ូតូទៀត។ ករណីនេះជនរងគ្រោះសង្ស័យថា “ក្រុមចោរប្រហែលជាបានតាមដានសកម្មភាពរបស់ខ្ញុំជាច្រើនលើកមកហើយ”។

ជាមួយគ្នានេះជនរងគ្រោះ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានស្នើយ៉ាងទទូចឱ្យសមត្ថកិច្ចបង្កើនការចុះល្បាត និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពជាក់ស្តែង។ ពួកគាត់រំពឹងថា អាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ទាំងការស្រាវជ្រាវបង្ក្រាបក្រុមចោរកម្ម និងក្រុមអ្នកញៀនថ្នាំ ដើម្បីស្តារទំនុកចិត្ត និងសន្តិសុខសហគមន៍ឡើងវិញ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់វាំងចាស់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា «ការចុះល្បាតរបស់សមត្ថកិច្ចនៅតាមច្រកល្ហកភូមិ-ឃុំ នៅតែមានកម្រិត ឬធ្វើឡើងតែតាមទម្លាប់ប៉ុណ្ណោះ ដោយខ្វះការក្តាប់មុខសញ្ញាឱ្យបានច្បាស់លាស់»។

ស្រដៀងគ្នានេះដែរ ស្ត្រីមេម៉ាយអាយុជាង ៥០ ឆ្នាំម្នាក់ទៀត រស់នៅក្នុងសង្កាត់ខាងលើ បានរៀបរាប់ដោយក្តីបារម្ភថា «សមត្ថកិច្ចយើងហាក់រង់ចាំតែមានហេតុការណ៍ និងមានបណ្តឹងកើតឡើងទើបចុះអន្តរាគមន៍ ។ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព លើក្រដាសល្អណាស់ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅក្នុងភូមិ ហាក់ខ្វះការសហការជាមួយពលរដ្ឋ និងខ្វះភាពម៉ឺងម៉ាត់លើពួកញៀនថ្នាំ និងអ្នកលក់ថ្នាំ ខ្លាំងណាស់»។

ករណីចោរលួចម៉ូតូនៅភូមិវិហារខ្ពស់ គឺជាសារព្រមានយ៉ាងច្បាស់មួយផ្ញើជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។ ប្រជាពលរដ្ឋមិនត្រឹមតែរង់ចាំមើលលទ្ធផលនៃការចាប់ខ្លួនជនដៃដល់ក្នុងករណីនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់កំពុងរង់ចាំមើល «ឆន្ទៈ និងសកម្មភាពជាក់ស្តែង» របស់អាជ្ញាធរ ក្នុងការបោសសម្អាតគ្រឿងញៀន និងការស្តារសន្តិសុខក្នុងភូមិ-ឃុំ ឱ្យត្រឡប់មកវិញនូវភាពកក់ក្តៅយ៉ាងពិតប្រាកដ៕

To Top