លោក ខូយ រីដា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ថវិកា ឧបត្ថម្ភជូនគ្រួសារ សពសមាជិកសកម្ម និងសមាជិកសកម្ម ដែលមានសហព័ទ្ធ ទទួលមរណភាព
ពោធិ៍សាត់ ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ថវិកាឧបត្ថម្ភ ជូនគ្រួសារសពសមាជិកសកម្ម និងសមាជិកសកម្មដែលមានសហព័ទ្ធទទួលមរណភាព របស់គណៈកម្មាធិការ មូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សាលាខេត្តពោធិ៍សាត់ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា និង ក្រុមគ្រួសារសព ដែលជាអ្នកទទួល ផលពីការឧបត្ថម្ភ ។ ការផ្តល់ថវិកាឧបត្ថម្ភនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាព របស់សមាគមចំពោះសមាជិក និងក្រុមគ្រួសារ ជាពិសេសក្នុងពេល ដែលជួបប្រទះនូវការបាត់បង់សមាជិកគ្រួសារ។ សកម្មភាពនេះ ក៏ជាការចូលរួមលើកទឹកចិត្ត និងជួយសម្រាលបន្ទុកមួយផ្នែកដល់ក្រុមគ្រួសារ ដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះ លោក ខូយ រីដា បានចូលរួមសម្តែង នូវការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព និងបានផ្តល់ថវិកាឧបត្ថម្ភ តាមរយៈគណៈកម្មាធិការមូលដ្ឋានសមាគម ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់សមាជិក ។ ពិធីប្រគល់ថវិកាឧបត្ថម្ភនេះ បានបង្ហាញពីការរួមគ្នា ថែរក្សាស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការជួយគ្នាទៅវិញទៅមក ក្នុងចំណោមសមាជិកមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តពោធិ៍សាត់។











អត្ថបទនេះដោយ÷ ខេម៉ា/ដើមអម្ពិល
