Feature

កូរ៉េខាងត្បូង បង្ហាញក្ដីត្រេកអរ​ ជូនចំពោះកម្ពុជា បន្ទាប់ពីកិច្ចសហការបង្ក្រាបស្កេម សម្រេចបានលទ្ធផលខ្ពស់

ភ្នំពេញ ៖ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់មិត្តភក្ដិបរទេស និង សហគមន៍អន្តរជាតិ អំពីជោគជ័យនៃប្រតិបត្តិការបោស សម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក Kim Kyung-Hyup អគ្គនាយក នៃទីភ្នាក់ងារទទួលបន្ទុក កិច្ចការងារពលរដ្ឋកូរ៉េនៅបរទេស បានដឹកនាំប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារ ជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ភាគីកូរ៉េបានបង្ហាញក្ដីត្រេកអរ ចំពោះការសម្រេចបានលទ្ធផលយ៉ាងលឿនរហ័ស ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា រវាងស្ថាប័នមានសមត្ថកិច្ចកូរ៉េ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមលោក Kim Kyung-Hyup ករណីពលរដ្ឋកូរ៉េរងគ្រោះ និងរាយការណ៍សុំកិច្ចអន្តរាគមន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថយចុះដល់ទៅជាង៩០ភាគរយ ធៀបនឹងស្ថានភាពមុនពេលភាគីទាំងពីរបង្កើតយន្តការរួម។

ក្នុងទឹកមុខញញឹមរីករាយ និងកាយវិការរស់រវើក លោក Kim Kyung-Hyup បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតក្នុងអត្ថន័យដើមថា “កាលពីឆ្នាំមុន យើងមានកង្វល់ អំពីករណីស្កេមជាប់ពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។ ពេលយើងលើកកង្វល់នេះ ជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា យើងក៏ទទួលបានការយកចិត្តទុកដាក់ និងខិតខំសហការដោះស្រាយភ្លាមៗ តាមរយៈការបង្កើតក្រុមការងាររួម កម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ជាតួអង្គធ្វើការរួមគ្នា”។

លោកមានប្រសាសន៍ទៀតថា គិតត្រឹមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតិជនរងគ្រោះជាពលរដ្ឋកូរ៉េដែលបានរាយការណ៍ និងសុំជំនួយ បានថយចុះយ៉ាងគំហុក ហើយថាលទ្ធផលនេះ បានញ៉ាំងឱ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ថ្លែងសរសើរមិនដាច់ពីមាត់ ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ជាទម្ងន់សច្ចធម៌មួយទៀត បន្ទាប់ពីអ្នកតំណាងរាស្ត្រកូរ៉េបានថ្លែងក្នុងសភារួចហើយថា ស្ថានភាពប្រទេសកម្ពុជា មិនអាក្រក់ដូចការផ្សព្វផ្សាយនោះឡើយ។

លោក ស សុខា បានថ្លែងអំណរគុណភាគីកូរ៉េ ទាំងការវាយតម្លៃប្រកបដោយសច្ចធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាពិសេសការផ្ដល់ទំនុកចិត្តតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីការទទួលស្គាល់ការពិត និងការប្ដេជ្ញាចិត្តដឹកនាំអនុវត្តយ៉ាងដាច់ខាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល លោក បានជម្រាបជូនប្រតិភូកូរ៉េថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់បំផុតលើសុខសុវត្ថិភាពគ្រប់ជនបរទេស រួមទាំងពលរដ្ឋកូរ៉េ និងថាសម្រាប់ករណីអនឡាញស្កេម ទន្ទឹមគ្នានឹងការសង្គ្រោះ សមត្ថកិច្ចកម្ពុជាបានអនុវត្តច្បាប់ដោយគ្មានការរើសអើង ជាអាទិ៍ចាប់បញ្ជូនទៅតុលាការ និងបណ្ដេញចេញពីប្រទេស ជាក់ស្ដែងជាងមួយឆ្នាំមកនេះ មានជនបរទេសស្ម័គ្រចិត្ត និងបណ្ដេញចេញ សរុបជាង៤០ម៉ឺននាក់ហើយ៕

To Top