ក្រុមហ៊ុន Nidec ៖ ក្រោយពីទទួលបានដំណោះស្រាយ និងផលប្រយោជន៍សមរម្យ បងប្អូនកម្មករជួបជុំគ្នាថ្លែងអំណរគុណ និងសប្បាយរីករាយយ៉ាងខ្លាំង
បន្ទាយមានជ័យ៖ បងប្អូនកម្មករនិយោជិតក្រុមហ៊ុន នីឌិច ដាយ-ខាសធីង(ខេមបូឌា) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបជុំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្រ្តីជំនាញ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីមានកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាពួកគាត់ជាមួយភាគីក្រុមហ៊ុនក្នុងការទូទាត់ និងផ្ដល់ផលប្រយោជន៍សមរម្យទៅតាមច្បាប់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតក្រុមហ៊ុន នីឌិច ដាយ-ខាសធីង បានមកជួបជុំគ្នា និងសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងថ្លែងអំណរគុណដល់មន្រ្តីជំនាញរបស់ក្រសួងការងារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការសម្របសម្រួល និងផ្ដល់ផលប្រយោជន៍សមរម្យជូនពួកគាត់ទៅតាមច្បាប់ស្ដីពីការងារ។

បន្ថែមលើដំណោះស្រាយសមរម្យនេះ លោកបានសង្កត់ធ្ងន់ថា មន្រ្តីជំនាញក្រសួងមិនត្រឹមតែសម្របសម្រួលបញ្ចប់ក្ដីកង្វល់របស់បងប្អូនទេ ថែមទាំងជួយស្វែងរកឱកាសការងារថ្មីៗជូនបងប្អូនទៀតផង។ ភ្លាមៗនោះក្រសួងបានទាក់ទងជាមួយក្រុមហ៊ុនចំនួន ១៦ ដែលមានឱកាសការងារក្នុងសង្វាក់ផលិតកម្មប្រហាក់ប្រហែលគ្នា ដើម្បីផ្ដល់ជម្រើសថ្មីជូនបងប្អូន។
អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនចំនួន ២ ដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជាងគេ គឺសរុបចំនួន ៤៧២នាក់រួមមាន ក្រុមហ៊ុន ស៊ុមី ខេបូឌា វ៉ាយរីង ស៊ីស្ទឹម ខូអិលធីឌី ត្រូវការ ៣០០នាក់ និងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ត្រូវការ ១៧២នាក់។

ក្រសួងការងារ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងអនាគតការងាររបស់បងប្អូនកម្មករនិយោជិត។ លើសពីនេះ ក្រសួងក៏បានដាក់ចេញនូវយន្តការជាច្រើន ដើម្បីធានាថា បងប្អូនកម្មករនិយោជិតនឹងទទួលបានឱកាសការងារគ្រប់ៗគ្នា ដោយផ្សព្វផ្សាយលេខទូរស័ព្ទ ១២៩៧, ការចាត់មន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ជាមួយរថយន្តការងារចល័ត ចុះផ្សព្វផ្សាយព័ត៌មានការងារដល់ទីតាំងបងប្អូនកម្មករនិយោជិត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ុន មេសា។
គួរបញ្ជាក់ផងដែរថា គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ កម្ពុជានៅមានឱកាសការងារប្រមាណ ៩ម៉ឹនកន្លែង ក្នុងនោះការងារក្នុងវិស័យកាត់ដេរមានចំនួនជាង ៧ម៉ឺនកន្លែង និងការងារក្នុងវិស័យអេឡិចត្រូនិកចំនួនជាង ២ពាន់កន្លែង៕







