អភិបាលស្រុកបាកាន ចុះពិនិត្យ និងសម្របសម្រួលដោះស្រាយ បញ្ហាហុយធូលី ពីអាជីវកម្មម៉ាស៊ីន កិនស្រូវ នៅឃុំបឹងខ្នារ
ខេត្តពោធិ៍សាត់ ៖ យោងតាមបណ្ដឹង និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាហុយធូលីចេញពីអាជីវកម្មម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន អាជ្ញាធរស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិគ្រោះពិភាក្សាជាមួយម្ចាស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព។

ក្នុងកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់នានា ព្រមទាំងបានពិគ្រោះពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់ អធ្យាស្រ័យ និងសហការខ្ពស់ ដោយផ្តោតលើការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាលទ្ធផល ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើវិធានការសំខាន់ៗ ដូចខាងក្រោម៖

១. កែលម្អប្រព័ន្ធបាញ់ស្រោចទឹក
ម្ចាស់អាជីវកម្មត្រូវកែសម្រួល និងពង្រឹងប្រព័ន្ធបាញ់ស្រោចទឹក ដើម្បីទប់ស្កាត់ការហុយធូលី និងកាត់បន្ថយការរាលដាលនៃផេះ និងកំទេចអង្កាមទៅកាន់លំនៅឋានប្រជាពលរដ្ឋនៅជុំវិញ។
២. កែលម្អឃ្លាំងស្តុកអង្កាម និងប្រព័ន្ធការពារ
រៀបចំសាងសង់ និងកែលម្អឃ្លាំងស្តុកអង្កាម ព្រមទាំងបង្កើនប្រសិទ្ធភាពប្រព័ន្ធការពារ និងទប់ស្កាត់ការហុយធូលី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
៣. ពង្រឹងសាមគ្គីភាព និងកិច្ចសហការក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មត្រូវបន្តរក្សាទំនាក់ទំនងល្អ សាមគ្គីភាព និងការយោគយល់គ្នា។ ក្នុងករណីមានបញ្ហាហុយធូលី ឬការលេចធ្លាយកើតឡើងជាថ្មី ត្រូវទាក់ទង និងជូនដំណឹងទៅម្ចាស់អាជីវកម្មជាបឋម ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយសន្តិវិធី។

អាជ្ញាធរស្រុកបាកាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរវាងប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីធានាឱ្យការប្រកបអាជីវកម្មដំណើរការប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍ ព្រមទាំងរួមចំណែករក្សាបាននូវសុខដុមរមនា និងការរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល








