អំណោយមនុស្សធម៌ គឺជាប្រភពថាមពល និងជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងកម្លាំងសមរភូមិមុខ
ព្រះវិហារ៖ កងកម្លាំងនៃគណៈបញ្ជាការសមរភូមិទិសទី១ ខេត្តព្រះវិហារ បានទទួលអំណោយឧបត្ថម្ភជាម៉ូតូ Honda Wave ចំនួន ២គ្រឿង ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីស្នេហាជាតិខ្ពស់ ពីលោក ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ និងភរិយា ដើម្បីជួយសម្រួលដល់ការប្រកបបេសកកម្ម ការពារបូរណភាពទឹកដី នៅតំបន់ព្រំដែន។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ ដោយមានការចាត់តំណាងពីលោក ឈន សាណាត នាំយកដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ ទៅប្រគល់ជូន លោក ឧត្តមសេនីយទោ ជោត ហូត នាយសេនាធិការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងឈរជើងប្រចាំការ នៅសមរភូមិមុខទិសទី១។
មធ្យោបាយធ្វើដំណើរទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ ជាប្រយោជន៍ផ្លូវការ ក្នុងការជួយសម្រួលដល់ការល្បាត ការធ្វើដំណើរ និងការដឹកជញ្ជូនសម្ភារឧបភោគបរិភោគចាំបាច់នានា សំដៅបង្កើនប្រសិទ្ធភាពការងាររបស់កងកម្លាំង នៅសមរភូមិមុខឱ្យកាន់តែមានភាពរហ័សរហួន និងទាន់ពេលវេលា។
តំណាងកងកម្លាំង នៃគណៈបញ្ជាការសមរភូមិទិសទី១ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក ឈន សាណាត និងភរិយា ដែលតែងតែយកចិត្តទុកដាក់ និងចងចាំជានិច្ចនូវការលះបង់របស់កងកម្លាំងប្រដាប់អាវុធ។
អំណោយមនុស្សធម៌នាពេលនេះ មិនត្រឹមតែជាការជួយសម្រួល ដល់ការងារបច្ចេកទេស និងសម្ភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តយ៉ាងធំធេង បង្ហាញពីស្មារតី «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» និងកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំក្នុងការរួមចំណែកថែរក្សាសន្តិសុខ និងបូរណភាពទឹកដីកម្ពុជា៕
ដោយ សួន ពិសិត/



