ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង និងក្រុងគួយយ៉ាង ខេត្តគួយចូវ ចុះMOU បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ

ខេត្តគុយចូវ-ចិន៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ពិធីចុះMOUនេះធ្វើឡើងនៅថ្ងៃទី២៨  ខែសីហា ឆ្នាំ២០២៦ នៅសាលាក្រុងគួយយ៉ាងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធំៗដូចជា បច្ចេកវិទ្យា និងកសិកម្មវៃឆ្លាត, ទេសចរណ៍និងវប្បធម៌, វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តទាំងពីរ។

តាមរយៈMOUនេះ ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាព ជឿជាក់ និងគោរពគ្នា ទៅវិញទៅមក។ភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្ដូរអន្តរតំបន់ ដោយឈរលើគោលការណ៍ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក

ភាគីទាំងពីរ នឹងសហការគ្នាដើម្បីលើកកម្ពស់ វិស័យកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង និងទីក្រុង គួយយ៉ាង ដោយផ្ដោតលើការកែច្នៃអាហារ ដូចជា អង្ករ សាច់ ត្រី និងផ្លែឈើ។

ភាគីទាំងពីរ នឹងជំរុញឱ្យមានការផ្លាស់ប្តូររវាងវិស័យឯកជន ដើម្បីជួយលើកទឹកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ការផ្លាស់ប្ដូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង៕

To Top