ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង នៅស្រុកសំឡូត បានស្រកចុះទៅវិញហើយ ខណៈអាជ្ញាធរ គ្រប់គ្រងស្ថានភាពទឹក បានយ៉ាងល្អ

បាត់ដំបង៖ អាជ្ញាធរស្រុកសំឡូតបានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំឡូតបានស្រកចុះទៅវិញអស់ហើយ រួមទាំងកម្ពស់ទឹកនៅស្ទឹងក្រញូង និងស្ទឹងបរឡាង ក៏បានវិលត្រឡប់ទៅរកភាពប្រក្រតីវិញដែរ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ទឹកឡើងនេះជាប្រភេទ «ជំនន់រហ័ស» ដែលកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡូត និងតំបន់ប៉ែកខាងលើ ហើយបានហូរចាក់ចូលទៅក្នុងអាងទឹកពហុបំណងសេកសក។

ដើម្បីឆ្លើយតបចំពោះស្ថានភាពនេះ មន្ត្រីជំនាញបានបើកទ្វារទឹកអាងសេកសក ដើម្បីបន្ធូរ ទឹក មួយផ្នែកចូលទៅស្ទឹងសង្កែ និងបែងចែកបង្ហូរចូលទៅតាមប្រព័ន្ធស្រោចស្រពនានា សម្រាប់ឱ្យប្រជាពលរដ្ឋប្រកបរបរកសិកម្មប្រើប្រាស់។

លោកបានបន្ថែមថា ទោះបីជាការបើកទ្វារទឹកនេះធ្វើឱ្យកម្ពស់ទឹកស្ទឹងប៉ែកខាងក្រោមមានការកើនឡើងបន្តិចក្តី ប៉ុន្តែមិនបានបង្កជាជំនន់ធ្ងន់ធ្ងរ ឬធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកខាងក្រោមនោះឡើយ៕

To Top