Feature

អ្នកសារព័ត៌មាន អ្នកផលិតមាតិកាជិត ១០០ នាក់ ចូលរួមវេទិកាពិភាក្សា សារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរ ឲ្យបានត្រឹមត្រូវ ៖ នរណាជាអ្នក ទទួលខុសត្រូវ»

ភ្នំពេញ ៖ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ព័ត៌មាន និងបង្កើតឥទ្ធិពលលើការប្រើប្រាស់ភាសារបស់សង្គម ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សា ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាពិភាក្សា សារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរ ឲ្យបានត្រឹមត្រូវ៖ នរណាជាអ្នក ទទួលខុសត្រូវ» ដោយមានការចូលរួមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធជិត ១០០ នាក់នៅរាជបណ្ឌិត្យសភាកម្ពុជា ។

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរឲ្យបានត្រឹមត្រូវ៖ នរណាជាអ្នក ទទួលខុសត្រូវ» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ជិន លន សាស្រ្តចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាកម្រឹក និងលោក ពុយ គា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ។

វាគ្មិនដែលមានជំនាញខាងភាសាខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើបទបង្ហាញដោយចែករម្លែក នូវតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម និងឥទ្ធិពលអវិជ្ជមាននៅពេលការប្រើប្រាស់ភាសាខ្មែរ ទាំងអក្ខរាវិរុទ្ធ ពាក្យពេចន៍ វេយ្យាករណ៍ មិនបានត្រឹមត្រូវ ឬប្រាសចាកពីនិយាមអក្សរសាស្ត្រខ្មែរ។

ក្នុងគោលបំណងបង្កើតជាវេទិកា ផ្លាស់ប្តូរមតិ និងចែករម្លែកចំណេះដឹងរវាងអ្នកជំនាញភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់ បណ្តាញសង្គម និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យមើលបញ្ហាប្រឈមនៃការប្រើប្រាស់ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងការប្រើប្រាស់ពាក្យថ្មីៗនៅក្នុងសារព័ត៌មាន និងបណ្តាញសង្គមនាពេលបច្ចុប្បន្ន។

ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចជួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមយល់ដឹងមួយកម្រិតទៀតអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ភាសាខ្មែរ និងរួម ចំណែកថែរក្សា លើកតម្កើង និងអភិវឌ្ឍភាសាជាតិឲ្យសមស្របនឹងការរីកចម្រើននៃសង្គម និងបច្ចេកវិទ្យាឌីជីថល៕

To Top