Feature

រដ្ឋបាលខណ្ឌច្បារអំពៅ ៖ ការដកហូតយកម្ជូរ ពីក្មេងប្រុសដើរលក់នៅកោះនរា ធ្វើឡើងដោយក្រុមសន្តិសុខឯកជន

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ការដកហូតយក ម្ជូរ របស់ក្មេងប្រុសម្នាក់ ដើរលក់ដូរចល័ត នៅតំបន់អភិវឌ្ឍន៍កោះនរា គឺធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងរដ្ឋបាលខណ្ឌឡើយ។

នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានការចុះផ្សាយពាក់ព័ន្ធ ករណីការដកហូតយកផ្លែឈើស្រស់ (ម្ជូរ)របស់ក្មេងប្រុសម្នាក់ ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខណ្ឌច្បារអំពៅ នាថ្ងៃទី៣១ សីហា ថា ចំពោះករណីនេះ ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវឃើញថា «ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញនោះទេ។ ការដកហូតរបស់ក្រុមសន្តិសុខឯកជនកោះនរានេះ ធ្វើឡើងដោយពុំបានរាយការណ៍ និងស្នើសុំការសហការ ពីរដ្ឋបាលខណ្ឌនោះឡើយ»។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បី កុំឱ្យមានបាតុភាពនេះកើតឡើងបន្តទៀត៕

To Top