Feature

ធនធានជលផល ចំនួន ៥៨ ប្រភេទ កំពុងរងគ្រោះថ្នាក់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ធនធានជលផលកំពុងរងគ្រោះថ្នាក់ចំនួន ៥៨ ប្រភេទ ក្នុងនោះ ទឹកសាប ២៩ ប្រភេទ និងទឹកប្រៃ ២៩ ប្រភេទ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អគ្គនាយកដ្ឋានជលផល នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបងប្អូនសាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិរក្សធនធានជលផល កំពុងរងគ្រោះថ្នាក់។

កន្លងមក អគ្គនាយកដ្ឋានជលផលបានខិតខំអប់រំ និងផ្សព្វផ្សាយអំពីប្រភេទធនធានទាំងនេះ តាមគ្រប់មធ្យោបាយនិងគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសតាមរយៈ Facebook បានចូលរួមចែករំលែកព័ត៌មាន និង ពិភាក្សាប្រកបដោយគំនិតស្ថាបនា ដែលរួមចំណែកពង្រីកការយល់ដឹង អំពីប្រភេទជលផលទាំងនេះ ឱ្យកាន់តែទូលំទូលាយ។

ជាក់ស្តែង ប្រជាពលរដ្ឋ ជាច្រើនបានលែងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះត្រឡប់ទៅកាន់ដែនទឹកធម្មជាតិវិញ ដែលជាទង្វើគួរឱ្យសរសើរ និងជាគំរូល្អសម្រាប់សង្គមទាំងមូល។

ក្នុងឱកាសនេះ អគ្គនាយកដ្ឋានជលផល បានបញ្ជាក់ជូនជាថ្មីថា «ធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ ប្រភេទ ដែលក្នុងនោះមាន ទឹកសាប២៩ ប្រភេទ និងទឹកប្រៃ២៩ ប្រភេទ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩។ ការកំណត់នេះគឺដោយសារតែផលស្តុកប្រភេទទាំងនេះនៅក្នុងធម្មជាតិបានថយចុះពី ៥០ ទៅ ៨០ ភាគរយ»។

យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ៕

To Top