ខេត្តកំពង់ធំ បើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ក្រោមប្រធានបទ «ទេសចរម្នាក់ ដើមឈើមួយដើម» នៅតំបន់សំបូរព្រៃគុក!
កំពង់ធំ ៖ លោក ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីបើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ឬ «Let’s Plant 2026» ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម» នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ខេត្តកំពង់ធំ ស្ថិតនៅសហគមន៍ទេសចរណ៍សំបូរព្រៃគុក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ០២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ម្ចាស់ក្រុមហ៊ុនតូយូតា ប្រធានមន្ទីរជុំវិញខេត្ត លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ កងកម្លាំងទាំងបី និងក្រុមសិស្ស-និស្សិត ដែលបានអញ្ជើញចូលរួមសរុបប្រមាណជាង៣០០នាក់។

គម្រោងដាំដើមឈើនេះ មានគោលបំណងចូលរួមបង្កើនភាពបៃតង និងសោភ័ណភាពនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ជាពិសេសការដាំដើមឈើអមសងខាងផ្លូវ ដែលត្រូវធ្វើដំណើរទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដើម្បីធ្វើឱ្យបរិស្ថានតំបន់ទេសចរណ៍ កាន់តែមានភាពស្រស់បំព្រង និងមានបរិយាកាសបៃតងសម្រាប់ភ្ញៀវទេសចរណ៍។

ក្នុងឱកាសនោះ លោក ហាន កុសល បានលើកឡើងពីសារៈសំខាន់នៃការដាំដើមឈើឡើងវិញ ដោយសង្កត់ធ្ងន់ថា ការដាំដើមឈើមិនត្រឹមតែជួយ លើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិផងដែរ។ ការដាំដើមឈើអមសងខាងផ្លូវទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយលើកទឹកចិត្តឱ្យអនុវត្តគោលការណ៍ «មួយនាក់ ដាំដើមឈើមួយដើម»។ ជាមួយគ្នានេះ អ្នកដែលបានដាំដើមឈើរួច ត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សា និងការពារដើមឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីឱ្យដើមឈើអាចលូតលាស់បានល្អ និងផ្តល់ប្រយោជន៍រយៈពេលវែង។

ជាចុងក្រោយលោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងបន្ថែមទៀតថា តាមគម្រោង «តោះដាំ២០២៦» ដើមឈើដែលត្រូវដាំ មានចំនួនសរុប២.០២៦ដើម ក្នុងនោះដើមឈើហូបផ្លែចំនួន ១.៨២៦ដើម និង ដើមចាមានចំនួន២០០ដើម។ ការដាំដើមឈើទាំងនេះ នឹងរួមចំណែកបង្កើនផ្ទៃបៃតង សោភ័ណភាពតាមដងផ្លូវ និងបរិវេណតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រសំបូរព្រៃគុក។ គម្រោងនេះក៏ជាសកម្មភាពមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់លើការរួមបញ្ចូល ការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយការថែរក្សាបរិស្ថាន ដោយផ្តោតលើការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការដាំ និងថែរក្សាដើមឈើឱ្យបានយូរអង្វែង ៕ ដោយសំនៀង






