AHF អំពាវនាវ ឱ្យមានកំណែទម្រង់ បំណុលសកល ដើម្បីការពារមូលនិធិ ថែទាំសុខភាព ក្នុងប្រទេសកំពុងអភិវឌ្ឍន៍
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវ ឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថាបន្ទុកបំណុលកើនឡើង កំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចី ជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យប៉ះពាល់លទ្ធភាព របស់ពួកគេជាមូលដ្ឋាន ក្នុងការបំពេញតម្រូវការសាធារណៈ។

AHF បន្តយុទ្ធនាការសកលដោយរៀបចំសន្និសិទ្ធសារព័ត៌មាន «សេរីភាពពីបំណុល» របស់ខ្លួននៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងបន្តទៅពេលខាងមុខ AHF បានប្រកាសថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបាន និងកំពុងបង្វែរធនធានសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ សាលារៀន និងសេវាកម្មសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ងាយរងគ្រោះទោះបីជាមានតម្រូវការអភិវឌ្ឍន៍កើនឡើងក៏ដោយ។

AHF កម្ពុជាបានអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពអយុត្តិធម៌ពីការជាប់បំណុលទាមទារប្រព័ន្ធសកល ដែលផ្តល់អាទិភាពដល់ប្រជាជនជាជាងប្រាក់ចំណេញ» ដោយអះអាងថាប្រទេសនានា មិនគួរមានការពិចារណាពីការជ្រើសរើស រវាងការសងបំណុលដល់ម្ចាស់បំណុល និងការការពារ សុខភាពសាធារណៈនោះទេ។

អង្គការ AHF បានលើកឡើងពីតួលេខសកល ដែលបង្ហាញថាមនុស្ស ៣.៤ ពាន់លាននាក់ឥឡូវនេះរស់នៅក្នុងប្រទេស ដែលរដ្ឋាភិបាលចំណាយប្រាក់ច្រើនជាងលើការសងបំណុលជាងការថែទាំសុខភាព ឬការអប់រំ។ ទាំងនេះបានបញ្ជាក់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបង់ថ្លៃអត្រាការប្រាក់កម្ចីខ្ពស់ជាងប្រទេសអ្នកមានពីរទៅ 10 ដង ដែលនាំមានការកាត់បន្ថយការវិនិយោគលើប្រព័ន្ធសុខភាព ការអប់រំ និងការឆ្លើយតបទៅនឹងបំរែបម្រួលអាកាសធាតុ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី AHF និងលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធាន គ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជា ត្រូវបានគ្រោងនឹងពិភាក្សាពីរបៀប ដែលត្រូវរងសម្ពាធការជាប់បំណុលសកលកំពុងប៉ះពាល់ ដល់ការផ្តល់ហិរញ្ញប្បទានសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានមានប្រសាសន៍ថា « ការថែទាំសុខភាពមិនគួរក្លាយជាជនរងគ្រោះនៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយលើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត»។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានថ្លែងថា « បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍ ។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួច នៅពេលដែលប្រទេសនានា ជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល»។

សូមបញ្ជាក់ថា យុទ្ធនាការ «សេរីភាពពីបំណុល» Freedom from Debt ស្វែងរកយុត្តិធម៌ពីការជាប់បំណុល ដែលជាចំណុចចំបង នៃការពិភាក្សាការអភិវឌ្ឍន៍សកល ដោយអះអាងថា ប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាពមិនអាចសម្រេចបានទេ លុះត្រាតែប្រទេសនានាមាន ពេលវេលាគ្រប់គ្រាន់ និងថវិកាដើម្បីវិនិយោគលើប្រជាជនរបស់ពួកគេ ៕

