Feature

លោក ខូយ រីដា អញ្ជើញចូលរួម សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកតាលោសែនជ័យ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ។

សិក្ខាសាលានេះ មានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរ អង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក ឃុំ និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។ការរៀបចំសិក្ខាសាលាសមាហរណកម្មនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលផ្តុំសំណើ គម្រោងអភិវឌ្ឍន៍ នានាពីរដ្ឋបាលឃុំ ដើម្បីកំណត់អាទិភាព និងបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ឱ្យស្របតាមតម្រូវការ ជាក់ស្តែងរបស់មូលដ្ឋាន ។

ក្នុងឱកាសនោះ លោក លោកស្រី និងអ្នកចូលរួម បានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម តម្រូវការ និងសំណើគម្រោងអភិវឌ្ឍន៍ ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ។ ជាមួយគ្នានេះ ការចូលរួមរបស់មន្ទីរ អង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការសម្របសម្រួល និងកំណត់ទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពស៊ីសង្វាក់គ្នា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងជំរុញការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងផ្តោតលើអាទិភាពសំខាន់ៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្រុកតាលោសែនជ័យ និងខេត្តពោធិ៍សាត់ឱ្យកាន់តែមានភាពរីកចម្រើន។

អត្ថបទនេះដោយ ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល

To Top