Feature

លោកស្រី អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងអប់រំសុខភាពដល់ស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ខេត្ត

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារ ឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១៤នាក់ នៅមណ្ឌលសុខភាពឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ។

សកម្មភាពនេះធ្វើឡើងក្នុងស្មារតីយកចិត្តទុកដាក់ ចំពោះសុខុមាលភាពមាតា ទារក និងសុខភាពសាធារណៈ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។

ក្នុងឱកាសនេះ លោកស្រី បានបញ្ជូនសារសួរសុខទុក្ខ តំណាងឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ព្រមទាំងបានគូសបញ្ជាក់ពីតួនាទីរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការឆ្លើយតប នឹងបញ្ហាសុខភាពស្ត្រី កុមារ និងជំងឺអេដស៍នៅកម្ពុជា ។ ការណែនាំសុខភាពលោកជំទាវបានផ្តល់ដំបូន្មានដល់មាតាថា ត្រូវពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង ទទួលទានអាហារមានជីវជាតិ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយឆ្មបជំនាញ ។ ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង រហូតដល់អាយុ៦ខែ រួចបន្តរហូតដល់២ឆ្នាំ ដោយបន្ថែមអាហារគ្រប់គ្រាន់ និងចាក់វ៉ាក់សាំងឱ្យបានពេញលេញ។ លើសពីនេះ លោកជំទាវក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍ “ហូបស្អាត ផឹកស្អាត រស់នៅស្អាត” ដើម្បីទប់ស្កាត់ជំងឺរាគ គ្រុនចាញ់ គ្រុនឈាម ព្រមទាំងកាត់បន្ថយការ ប្រើប្រាស់ស្ករ អំបិល ខ្លាញ់ បារី និងគ្រឿងស្រវឹង គូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើលំហាត់ប្រាណជាទៀងទាត់ ។ ចំពោះអ្នកផ្ទុកមេរោគអេដស៍ លោកស្រីបានលើកទឹកចិត្ត ឱ្យមានភាពក្លាហានក្នុងការរស់នៅ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីលើកកម្ពស់គុណភាពជីវិត ។

អំណោយមនុស្សធម៌ក្នុងឱកាសនេះផងដែរ ក្រុមការងារ បានចែកជូនអំណោយមនុស្សធម៌ ដល់ស្ត្រីសម្រាល និងត្រៀមសម្រាលកូនចំនួន៨នាក់ (មុង សារ៉ុង កន្សែងពោះគោ ឈុតកូនង៉ា សាប៊ូ ម្សៅកូនង៉ា និងថវិកា) ព្រមទាំងអ្នកផ្ទុកមេរោគអេដស៍ចំនួន៦នាក់ (អង្ករ មី ត្រីខ កញ្ចប់ឃីត និងថវិកា)។ ក្រុមការងារក៏បានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហម ព្រមទាំងចែកសារ៉ុង និងសាប៊ូខ្លិន ដល់អ្នកមកទទួលសេវាសុខភាព ថ្ងៃនោះផងដែរ។ ៕

អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល

To Top