Feature

ប្រទះឃើញ ដានជើងសត្វទន្សោង ៥ក្បាល រួមទាំងសត្វដទៃទៀត នៅដែនជម្រកសត្វព្រៃកែវសីមា

មណ្ឌលគិរី ៖ ក្រុមមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតប្រចាំស្នាក់ការរងចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា បានចុះប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ នេះ ។

ជាលទ្ធផលនិងយោងតាមរបាយការណ៍ផ្លូវការ របស់ស្នាក់ការរងចំបក់ បានឱ្យដឹងថា ប្រតិបត្តិការចុះល្បាតកាត់ព្រៃ និងតាមដានបទល្មើសធនធានធម្មជាតិ រយៈពេល ៣ ថ្ងៃនេះ សម្រេចបានលទ្ធផលដូចជា ថ្ងៃទី ២៨ ខែសីហា កម្លាំងល្បាតបានចុះត្រួតពិនិត្យដល់ចំណុចជើងភ្នំកងរូង (និយាមកា ៦៧៨៩៤៥ – ១៣៧៦៥៩៦) ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃកែវសីមា ដោយពុំបានប្រទះឃើញសកម្មភាពបទល្មើសអ្វីឡើយ។

នៅថ្ងៃទី ២៩ ខែសីហា ក្រុមការងារបានបន្តល្បាតដល់ចំណុចដៃអូរធាង (និយាមកា ៦៧៩១៨៦ – ១៣៧៦២៧០) ស្ថិតក្នុងតំបន់ស្នូល និងបានកាប់បំផ្លាញចោលនូវរោងបទល្មើសបរបាញ់សត្វព្រៃចំនួន ០១ កន្លែង។ ក្នុងនោះ ក្រុមការងារបានដកហូត និងបំផ្លាញចោលនូវសំបកគ្រាប់កាំភ្លើង AK-47 ចំនួន ០៨ គ្រាប់ ព្រមទាំងខ្សែអន្ទាក់ចំនួន ០៨ ខ្សែ (អន្ទាក់ខ្សែកាប ០៣ ខ្សែ និងអន្ទាក់ខ្សែគោ ០៥ ខ្សែ)។

នៅថ្ងៃទី ៣០ ខែសីហា ក្រុមមន្ត្រីជំនាញបានបន្តល្បាតចូលទៅក្នុងតំបន់អភិរក្ស និងបានប្រទះឃើញដានជើងសត្វព្រៃកម្រជាច្រើនប្រភេទ រួមមាន៖ ដានជ្រូកព្រៃបណ្តើរកូន ០៧ ក្បាល នៅចំណុចជើងភ្នំបេង, ដានជ្រូកព្រៃ ១០ ក្បាល នៅចំណុចរណ្ដៅបេ ព្រមទាំងប្រទះឃើញដានជើងសត្វទន្សោងចំនួន ០៥ ក្បាល នៅចំណុចត្រពាំងស្ទែន។

សូមបញ្ជាក់ផងដែរថា ទីតាំងប្រតិបត្តិការទាំងអស់ខាងលើនេះ ស្ថិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ វត្តមាននៃដានជើងសត្វព្រៃ និងសត្វកម្រទាំងនេះ បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព និងផ្លែផ្កានៃការខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ ពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនាពេលកន្លងមក៕ ដោយៈចាន់បុត្រ/ដើមអម្ពិល/មណ្ឌលគិរី

To Top