Feature

ក្រសួងធម្មការ និងសាសនា ណែនាំពីការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងគោលបំណងបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាពេលថ្មីៗនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏សំខាន់។ អ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ខ្លឹមសារ នៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីរដីកាមួយចំនួនដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទិដ្ឋានុគតិសម្រាប់ ដំណើជីវិតរបស់មនុស្សគ្រប់រូប ។

គម្ពីរទាំងនេះ មានខ្លឹមសារស្រប ទៅនឹងបុណ្យភ្ជុំបិណ្ឌ ដែលបង្កប់ទៅដោយផ្នត់ គំនិតសម្រាប់អប់រំ កុំឱ្យមនុស្សមាន ការប្រមាទធ្វើអំពើអាក្រក់ ជាហេតុធ្វើឱ្យខ្លួនភ្លាំងភ្លាត់កំណើតទៅកើតក្នុង អបាយភូមិ មាននរក ប្រេត តិរិច្ឆាន ជាដើម។

ក្រសួង បន្ដថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗ ដូចជា ៖ បង្កើនសាមគ្គីភាព រវាងបុគ្គល គ្រួសារ និងសង្គម, បញ្ជាក់ឱ្យឃើញពីការ សម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗរបស់ប្រជាជនខ្មែរ, ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា, សម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះបុព្វការីជន មានមាតា បិតា គ្រូឧបជ្ឈាយាចារ្យជាដើម, ដាស់តឿនស្មារតី ដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា, ឧទ្ទិសមហាកុសលជូនដល់បេតបុគ្គល និងសន្សំនូវបុញ្ញនិធិទុកជាទីពឹងរបស់ខ្លួន, បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕

To Top