គណៈប្រតិភូអ៊ីស្រាអែល កោតសរសើរកម្ពុជា ពីការរៀបចំធ្វើតេស្ត ជ្រើសរើសពលករ ទៅធ្វើការនៅអ៊ីស្រាអែល ប្រកបដោយស្តង់ដា និងគុណភាព
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអ៊ីស្រាអែល ដឹកនាំដោយលោកស្រី ហ្សឺលី រៃស៊ីន សេសុន (Shirley Raisin-Sasson) ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគី នៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍ (PIBA) នៃរដ្ឋអ៊ីស្រាអែល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជ្រើសរើសពលករខ្មែរសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នៃរដ្ឋអ៊ីស្រាអែលឱ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានសម្ដែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ៊ីស្រាអែល និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ បន្ទាប់ពីកម្ពុជា និងអ៊ីស្រាអែល ដែលបានចុះកិច្ចព្រមព្រៀងទ្វេភាគី កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយ ក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដែលបានបង្កើតនូវយន្តការផ្លូវការ សម្រាប់ការធ្វើចល័ត ភាពកម្លាំងពលកម្មប្រកប ដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។ លោកសង្ឃឹមថា ក្រសួងនឹងអាចចាប់ផ្តើម បញ្ជូនពលករទៅរដ្ឋអ៊ីស្រាអែលក្នុងពេលឆាប់ៗខាងមុខនេះស្រប តាមតម្រូវការរបស់និយោជកអ៊ីស្រាអែល។

ជាការឆ្លើយតប លោកស្រី ហ្សឺលី រៃស៊ីន សេសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី និងក្រុមការងារ ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបានការអនុវត្តកិច្ចព្រមព្រៀង ដែលនឹងចូលរួមគាំទ្រ ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំង ចំពោះដំណើរការរៀបចំការធ្វើតេស្ត ស្របតាមស្តង់ដាខ្ពស់ និងមានកិច្ចសហការល្អ។ លោកស្រីចង់យកកិច្ចសហការនេះជាគំរូ និងមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង ទ្វេភាគីផ្សេងទៀតនៅក្នុងវិស័យផ្សេងៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងអាចពង្រីកកិច្ចព្រមព្រៀង ទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀត បន្ទាប់ពីទទួលលទ្ធផល ល្អពីក្នុងវិស័យកសិកម្ម។

នៅក្នុងដំណើរបេសកកម្មនេះ ប្រតិភូអ៊ីស្រាអែលបានចុះទៅពិនិត្យដំណើរ ការធ្វើតេស្តជ្រើសរើសបេក្ខជន ទៅធ្វើការក្នុងវិស័យកសិកម្ម នៅគ្រប់ដំណាក់កាល រួមមាន ដំណាក់កាលតេស្តចំណេះដឹងផ្នែកកសិកម្ម និងភាសាដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) តេស្តភាពរហ័សរហួន និងតេស្តកាយសម្បទា ព្រមទាំងបានចូលរួមសម្ភាសបេក្ខជនដោយផ្ទាល់ជាមួយមន្ត្រីក្រសួងផងដែរ។ ទន្ទឹមនឹងនេះ ប្រតិភូអ៊ីស្រាអែលបានសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដំណើរការប្រឡងប្រកបដោយប្រសិទ្ធភាព និងរលូន៕





