Feature

កម្ពុជា និង ILO រួមគ្នាពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យ ក្នុងសេដ្ឋកិច្ច តាមថ្នាលបច្ចេកវិទ្យា

ភ្នំពេញ ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ អន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានអញ្ជើញជា សហអធិបតីបើក “សិក្ខាសាលាជាតិ ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា” នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហជីព អង្គការនិយោជក អង្គការកម្មករនិយោជិត ប្រតិបត្តិករថ្នាលបច្ចេកវិទ្យា អ្នកជំនាញ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង អំពីកាលានុវត្តភាព និងបញ្ហាប្រឈម នៃសេដ្ឋកិច្ច តាមថ្នាលបច្ចេកវិទ្យានៅកម្ពុជា ពិនិត្យលក្ខខណ្ឌការងារ និងការគ្របដណ្ដប់របបសន្តិសុខ សង្គមរបស់អ្នកធ្វើការ តាមថ្នាលបច្ចេកវិទ្យា ព្រមទាំងឈ្វេងយល់អំពីបទដ្ឋាន អន្តរជាតិការងារថ្មីៗ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយ ដែលមានស្រាប់នៅកម្ពុជា ព្រមទាំងបទពិសោធរបស់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីជាធាតុចូលសម្រាប់ការកំណត់អាទិភាព និងការពិភាក្សាគោលនយោបាយនាពេលខាងមុខ។

លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា ប្រធានបទនេះមានសារៈសំខាន់ និងឆ្លើយតបទៅនឹងការ វិវត្តយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល និងពិភពការងារ ខណៈការរីកចម្រើននៃថ្នាលបច្ចេកវិទ្យាបានបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដែលទាមទារឱ្យមានការសិក្សា វាយតម្លៃ និងឆ្លើយតបប្រកបដោយតុល្យភាព។ កិច្ចពិភាក្សានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ និងកំណត់បញ្ហាប្រឈមនៃទម្រង់ការងារថ្មីៗ។

លោកស្រីបានសង្កត់ធ្ងន់ថា ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែន ជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការធានាការគាំពារសមស្របដល់អ្នកធ្វើការ។ ការកំណត់ជម្រើសគោលនយោបាយត្រូវផ្អែកលើបរិបទសេដ្ឋកិច្ច សង្គម រចនាសម្ព័ន្ធទីផ្សារការងារ លក្ខណៈអាជីវកម្ម និងសមត្ថភាព អនុវត្តរបស់កម្ពុជា ព្រមទាំងការពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះ លោកស្រី ស៊ាវយៀន ឈាន​ នាយិកាការិយាល័យ​ ILO​ ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់របស់កម្ពុជា ចំពោះការលើកកម្ពស់ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ ILO។ សិក្ខាសាលានេះត្រូវបានរំពឹងថា នឹងផ្តល់ធាតុចូលសម្រាប់ការកំណត់អាទិភាព និងសិក្សាជម្រើសគោលនយោបាយ ដើម្បីធានាការឆ្លើយតបរបស់កម្ពុជាចំពោះទម្រង់ការងារបច្ចុប្បន្ន និងការងារថ្មីៗនាពេលអនាគត ប្រកបដោយតុល្យភាព បរិយាបន្ន និងចីរភាព៕

To Top