បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាឧបត្ថម្ភមាតុភាព របស់រាជរដ្ឋាភិបាល និងថវិកាជំនួយឧបត្ថម្ភរបស់អង្គភាព ជូនយោធិននារីចំនួន ៣ រូប !
កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រគល់ថវិកា ឧបត្ថម្ភមាតុភាព របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងថវិកាជំនួយឧបត្ថម្ភ របស់អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ជូនដល់យោធិនដែលបានសម្រាកលំហែរមាតុភាព ចំនួន ៣ រូប ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង នាយការិយាល័យ ស្ថាប័នចំណុះ ព្រមទាំងយោធិននារីមួយចំនួន បានអញ្ជើញចូលរួមផងដែរ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា នាយរងផ្នែកគិលានដ្ឋាន និងជាជំនួយការក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាព ជូនយោធិននារី នៃកងយោធពលខេមរភូមិន្ទ នឹងបានគោរពអញ្ជើញឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្ដល់កិត្តិយសប្រគល់ថវិកា ឧបត្ថមាតុភាព របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ដោយក្នុងយោធិនសម្រាកមាតុភាពមួយរូប ទទួលបានថវិកាចំនួន ៨០០,០០០ រៀល និងថវិកាជំនួយឧបត្ថម្ភបន្ថែមរបស់អង្គភាព ក្នុងយោធិនមួយរូបចំនួន ២០០,០០០ រៀល សរុបចំនួន ១,០០០,០០០ រៀល ។

លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យយោធិននារីដែលត្រូវសម្រាកកំហែរមាតុភាព បានឡើងគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជួយឧបត្ថម្ភថវិកា ឧបត្ថម្ភមាតុភាពចំពោះយោធិននារី ដែលបានសម្រាកលំហែមាតុភាព និងសូមគោរពថ្លែងអំណរគុណ ចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាបន្ថែម ជូនដល់យោធិននារី ដែលបានសម្រាកលំហែមាតុភាពចំនួន ៣ រូបនៅថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំគោលនយោបាយឧបត្ថម្ភប្រាក់មាតុភាពជូនដល់យោធិននារីគ្រប់រូប ក្នុងពេលសម្រាកលំហែមាតុភាព តាមរយៈក្រសួងការពារជាតិ ។ ហេីយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធនារី ដែលបានសម្រាក លំហែមាតុភាព ត្រូវខិតខំថែរក្សាសុខភាពផ្ទាល់ខ្លួន និងថែរក្សាទារកដែលទើបបានសម្រាលរួចឱ្យមានសុខភាពល្អ ហើយក្រោយពីចប់ច្បាប់សម្រាកលំហែរមាតុភាព ត្រូវមកបំពេញភារកិច្ចនៅតាមអង្គភាព និងស្ថាប័នជំនាញរៀងៗខ្លួន តាមច្បាប់ដែលបានកំណត់ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនគ្រប់រូប ត្រូវគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ។ យោធិនណាម្នាក់ដែលបានប្រព្រឹត្តខុសឆ្គង ត្រូវទទួលវិន័យ តាមច្បាប់ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងត្រូវទទួលទោសតាមច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ៕ដោយសំនៀង





