អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនៅក្នុងស្រុកព្រៃឈរ មានប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែងជាង ៤គីឡូម៉ែត្រ ខណៈបណ្តាញតភ្ជាប់ប្រឡាយ និងផ្លូវដី មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះ ប្រើប្រាស់ប្រភពទឹកពីតំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់ប្រជាកសិករច្រើនជាងគេ នៅក្នុងឃុំចំនួន២ គឺឃុំបឹងណាយ និងឃុំក្រូច។ ប្រជាកសិករអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំ ជាពិសេសដំណាំស្រូវ ដែលមានផ្ទៃដីសរុបជាង ២,០០០ហិកតា ។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ការផ្គត់ផ្គង់ទឹកតាមរយៈប្រព័ន្ធធារាសាស្ត្រនេះ នឹងជួយឱ្យប្រជាកសិករមានលទ្ធភាពបង្កបង្កើនផលបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម។




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
