សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជន ប្រឡងជាប់បាក់ឌុប ខណៈបេក្ខជនទទួលបានលទ្ធផល មិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបេក្ខជនទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូបញ្ជាក់ថា «សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ នេះ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង» ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។
ចំពោះការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស៕
