សម្តេចតេជោ ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ លោក Tô Lâm
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើការយ៉ាង ជិតស្និទ្ធជាមួយលោក Tô Lâm អគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីរឹតចំណងមិត្ត ជាមួយគ្នាបន្ថែមទៀត។
ក្នុងសារលិខិតអបអរសាទរ ជូនចំពោះ លោក Tô Lâm នៃទិវាបុណ្យជាតិវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ កោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផល ដ៏ត្រចះត្រចង់ដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកតូ ឡឹមដែលបានរួមចំណែករក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ពង្រឹងតួនាទី និងកិត្យានុភាពរបស់វៀតណាម លើឆាកតំបន់-អន្តរជាតិ។
សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា-វៀតណាមដែលផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយជំនឿទុកចិត្តគ្នា ការយោគយល់ ការគោរព និងការគាំទ្រគ្នាទៅវិញទៅមក នឹងបន្តពង្រឹងបន្ថែមទៀតឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួម និងអត្ថប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ ។
សម្តេចតេជោ គូសបញ្ជាក់សាជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តមោះមុតរបស់សម្តេច ក្នុងការសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយលោកTô Lâm ដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសនិងប្រជាជនទាំងពីរ៕
