Feature

រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ បានជួយយុវជនក្រីក្រ និងងាយរងហានិភ័យជាង ៦ពាន់នាក់ឱ្យមានជំនាញ និងការងារធ្វើ

កំពង់ស្ពឺ៖ ក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKSP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួយយុវជនក្រីក្រសរុបប្រមាណជាង ៦ពាន់នាក់ឱ្យមានជំនាញ និងការងារធ្វើ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់របស់រាជរដ្ឋាភិបាល។

លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានឱ្យដឹងថា «ការសិក្សានៅសាលា TVET ផ្អែកលើចំណុចពិសេសគឺ “រៀនឆាប់ចេះ ឆាប់ចប់ ឆាប់មានការងារធ្វើ។ ក្នុងនោះដើម្បីឱ្យសិស្សអាចរៀនទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងសាលាបានបំពាក់នូវឧបករណ៍ និងសម្ភារបច្ចេកទេសសម្រាប់ការអនុវត្តជាក់ស្ដែង ដោយសិស្សអាចអនុវត្តផ្ទាល់ ដើម្បីបង្កើនជំនាញ និងបទពិសោធន៍ការងារ»។

បើតាមលោក កែម ជាក់នី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រពាក់ព័ន្ធ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនដៃគូ ដើម្បីផ្តល់ឱកាសឱ្យសិស្សទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ទីផ្សារការងារ។

លោកបន្តថា តាមរយៈកិច្ចសហការនេះ សិស្សរបស់វិទ្យាស្ថានមានឱកាសចុះកម្មសិក្សា និងហាត់ការនៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រដៃគូ ដោយបានសិក្សារៀនសូត្រពីបរិយាកាសការងារពិតប្រាកដ និងអនុវត្តចំណេះដឹងដែលទទួលបានពីសាលាទៅក្នុងការងារផ្ទាល់។

ការចូលរួមកម្មសិក្សា និងហាត់ការជាក់ស្តែង មិនត្រឹមតែជួយឱ្យសិស្សស្គាល់ពីលក្ខខណ្ឌ និងវប្បធម៌ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងជំនាញបច្ចេកទេស ជំនាញទន់ ការទំនាក់ទំនង ការធ្វើការជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហាផងដែរ។

ជាមួយគ្នានេះ កិច្ចសហការរវាងវិទ្យាស្ថាន និងវិស័យឯកជន ក៏ជាកត្តាសំខាន់ក្នុងការបង្កើនឱកាសទទួលបានការងាររបស់សិស្សបន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងជួយឱ្យកម្មវិធីបណ្តុះបណ្តាលកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

លោកថ្លែងថា៖«អតីតសិស្ស និងនិស្សិតរបស់វិទ្យាស្ថានទទួលបានការងារ ឬប្រកបអាជីវកម្មផ្ទាល់ខ្លួនរហូតដល់ ១០០% ដែលជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងការភ្ជាប់ការសិក្សាជាមួយការអនុវត្តជាក់ស្តែង»។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានផ្តោតសំខាន់លើការពង្រឹងគុណភាពបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បានពិតប្រាកដនៅពេលចូលទៅក្នុងពិភពការងារ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កែម ជាក់នី៕

To Top