អ៊ីស្រាអែល កោតសរសើរដំណើរ ការជ្រើសរើសពលករ កសិកម្មកម្ពុជា ដែលក្រសួងការងារ រៀបចំប្រកប ដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋអ៊ីស្រាអែល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការជ្រើសរើស ពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្ត លើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការ ការងារទ្វេភាគីរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដាន ដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការ ក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។
លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យ កសិកម្មនៅអ៊ីស្រាអែល បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែល ពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជា ទៅធ្វើការនៅអ៊ីស្រាអែល»។

គណៈប្រតិភូអ៊ីស្រាអែលក៏បានកោតសរសើរចំពោះភាពជាដៃគូល្អ និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តដំណើរការជ្រើសរើសបេក្ខជន។
លោកស្រី Sasson បានសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងអ៊ីស្រាអែលបានធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសត្រូវបានអនុវត្តដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលភាគីទាំងពីរបានឯកភាពគ្នា។
លោកស្រីបានបន្ថែមថា៖ «យើងមានការប្តេជ្ញាចិត្តខ្ពស់ និងធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសនេះប្រព្រឹត្តទៅដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀងគ្នា។ ការរៀបចំសម្រាប់គណៈប្រតិភូមានលក្ខណៈវិជ្ជាជីវៈ ហើយយើងអាចមើលឃើញលទ្ធផលយ៉ាងច្បាស់»។

លោកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមរៀបចំការប្រឡង និង សម្ភាសបេក្ខជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈប្រតិភូអ៊ីស្រាអែលក្នុងដំណើរការទាំងមូល។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល គឺជាពលករដែលមានជំនាញ និងវិជ្ជាជីវៈ។ ដោយសារការងាររបស់ក្រសួងការងារនៅទីនេះ ពលករកម្ពុជាដែលទៅធ្វើការនៅអ៊ីស្រាអែលនឹងកសាងបានកេរ្តិ៍ឈ្មោះល្អ ហើយកិច្ចព្រមព្រៀងទ្វេភាគីនេះនឹងទទួលបានជោគជ័យ»។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចូលរួមពិនិត្យ និងតាមដានដោយផ្ទាល់ពីគណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញពីការទទួលខុសត្រូវ រួមរបស់ប្រទេសទាំងពីរ ក្នុងការធានាភាពជឿជាក់នៃដំណើរការជ្រើសរើស។

លោក ស៊ុន មេសា បានលើកឡើងថា៖ «គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដូចគ្នា។ ការចូលរួមតាមដានដោយផ្ទាល់ពីភាគីអ៊ីស្រាអែល គឺជាការបញ្ជាក់បន្ថែមថា ដំណើរការនេះត្រូវបានអនុវត្តដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីការពារផល ប្រយោជន៍បេក្ខជន និងកសាងកេរ្តិ៍ឈ្មោះពលករកម្ពុជា នៅលើទីផ្សារការងារអន្តរជាតិ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចំពោះបេក្ខជនដែលនៅមានចម្ងល់ ក្រសួងនៅតែបើកចំហឱ្យស្នើសុំពិនិត្យលទ្ធផល និងភស្តុតាងជាក់ស្តែងឡើងវិញ។ យើងចង់ឱ្យបេក្ខជនទទួលបានការបំភ្លឺច្បាស់លាស់ និងអស់ចិត្តចំពោះលទ្ធផលរបស់ខ្លួន»។

លោក ស៊ុន មេសា ក៏បានបញ្ជាក់ថា ការជាប់តេស្តដំណាក់កាលទី១ មិនទាន់មានន័យថា បេក្ខជនត្រូវបានជ្រើសរើសជាស្ថាពរទៅធ្វើការនៅអ៊ីស្រាអែលនោះទេ។ បេក្ខជននៅត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ ការជ្រើសរើសដោយភាគីអ៊ីស្រាអែលតាមរយៈអង្គភាព PIBA ការជ្រើសរើស និងផ្គូផ្គងដោយនិយោជក ការពិនិត្យសុខភាព និងឯកសារ ព្រមទាំងការចុះកិច្ចសន្យា ការណែនាំតម្រង់ទិស និងការត្រៀមចេញដំណើរ។
ការវាយតម្លៃជាវិជ្ជមានពីគណៈប្រតិភូអ៊ីស្រាអែលនេះ កើតឡើងស្របពេលដែលប្រទេសទាំងពីរ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនៅក្រៅប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ដែលនិយោជកអ៊ីស្រាអែលកំពុងមានតម្រូវការកម្លាំងពលកម្ម។
សម្រាប់កម្ពុជា ការពង្រីកទីផ្សារការងារទៅកាន់អ៊ីស្រាអែល មិនត្រឹមតែជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពលករទទួលបានបទពិសោធន៍អន្តរជាតិ ចំណេះដឹង និងជំនាញបច្ចេកវិទ្យាកសិកម្មទំនើបផងដែរ។

កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ ផ្តោតលើការជ្រើសរើសពលករដោយមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដោយធានាថា បេក្ខជនត្រូវបានជ្រើសរើសតាមនីតិវិធីត្រឹមត្រូវ និងទទួលបានការណែនាំត្រៀមខ្លួនមុនពេលចេញដំណើរ។
ការកោតសរសើររបស់គណៈប្រតិភូអ៊ីស្រាអែលចំពោះដំណើរការជ្រើសរើសពលកររបស់កម្ពុជា គឺជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការការងារ និងបង្កើនឱកាសឱ្យពលករកសិកម្មកម្ពុជាកាន់តែច្រើន អាចទទួលបានការងារស្របច្បាប់នៅអ៊ីស្រាអែលនាពេលខាងមុខ៕
