Feature

អភិបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជា ឱ្យកងកម្លាំងទាំងអស់ ត្រូវស្រាវជ្រាវ និង ទប់ស្កាត់រាល់សកម្មភាព​ បោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងវាតទី ដល់មូលដ្ឋានជនបទ

ឧត្តរមានជ័យ ៖ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាព បោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ក្រោមរូបភាពផ្សេងៗ ដែលបច្ចុប្បន្នកំពុងវាតទី និងជ្រៀតដល់មូលដ្ឋានជនបទ ។

ប្រសាសន៍បែបនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តឧត្តរមានជ័យ លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា បច្ចុប្បន្នបទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមអនឡាញ មិនត្រឹមតែកើតមានទម្រង់ស្មុគស្មាញនៅតាមទីប្រជុំជនធំៗប៉ុណ្ណោះទេ ប៉ុន្តែក្រុមជនខិលខូចបាន និងកំពុងពង្រីក វាតទីយ៉ាងលឿនដល់ថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ និងភូមិដាច់ស្រយាល ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់ ដែលខ្វះខាតការយល់ដឹង ស៊ីជម្រៅផ្នែកបច្ចេកវិទ្យាឌីជីថល តាមរយៈការសន្យាផ្តល់ប្រាក់កម្ចីងាយស្រួល ការអូសទាញឱ្យធ្វើការងារ តាមអនឡាញទទួលបានកម្រៃខ្ពស់ ឬការក្លែងបន្លំជាស្ថាប័នផ្សេងៗដើម្បីទាញយកប្រាក់កាស ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ជាច្រើនប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុខុមាលភាព គ្រួសារយ៉ាងខ្លាំង។

លោក មាន ចាន់យ៉ាដា បានដាក់ចេញនូវបទបញ្ជាជាក់ស្តែងឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរក្រុង-ស្រុក ត្រូវអនុវត្ត តាមដានមុខសញ្ញា ឬទីតាំងសង្ស័យទាំងឡាយណា ដែលលួចលាក់ធ្វើសកម្មភាពទាក់ទង នឹងស្កេមអនឡាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងគ្មានការយោគយល់ឡើយ។ អាជ្ញាធរឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវរាល់វត្តមានមនុស្សចម្លែក ឬការមករៀបចំទីតាំងជួលស្នាក់នៅខុសប្រក្រតី ដើម្បីបិទរាល់ឱកាសរបស់ក្រុមឧក្រិដ្ឋជន  ត្រូវសហការគ្នា ចុះផ្ទាល់ដល់មូលដ្ឋានភូមិ-ឃុំ ដើម្បីពន្យល់ណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿតាមការអូសទាញ ការចុចតំណភ្ជាប់ (Links) មិនស្គាល់ប្រភព ឬការសន្យាផ្តល់ផលចំណេញ ងាយស្រួលនោះទេ៕ដោយ សួនពិសិតដើមអម្ពិល

To Top