ខេត្តកំពង់ស្ពឺមានបេក្ខជន ៥០២៨នាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសA
កំពង់ស្ពឺ÷លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ មានបេក្ខជនចំនួន ៥០២៨នាក់ បានជាប់ និង៣១នាក់(ស្រី២២នាក់) ទទួលបាននិទ្ទេសAនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃប្រកាសលទ្ធផលប្រឡង។

លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំបង់ស្ពឺ បានលើកឡើងថា ថ្វីត្បិតលទ្ធផលបេក្ខជនប្រឡង ទទួលបាននិទ្ទេសA បានត្រឹមតែ៣១នាក់ ថយជាងឆ្នាំ២០២៥ ដែលមានរហូតដល់ទៅ ៧៩នាក់ តែចំនួនអ្នកជាប់ ក្នុងការប្រឡងគឺមានចំនួនច្រើនលើសលុប ដែលគិតជាភាគរយរហូតដល់ទៅជិត៩០% ។

លោកអភិបាលខេត្ត ចាត់ទុកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមានសិស្សជាប់ច្រើន គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងការកែលម្អគុណភាព នៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្តផងដែរ ។ បន្ថែមពីនេះ ក៏បានពីកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ក្នុងការធានាការប្រឡង ប្រព្រឹត្តទៅដោយរលូននិងស្របតាមគោលការណ៍(អ្នកចេះគឺជាប់) ។
មួយវិញទៀត លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ក៏ជាសក្ខីភាព បញ្ជាក់ពីការលើកទឹកចិត្ត ការពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។
ដូចអ្វីដែលបានសន្យា អ្នកដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ នឹងទទួលបានការលើកទឹកចិត្ត ពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ៕
ដោយ÷សុខសុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល

