ទេសរដ្ឋមន្ត្រី លី ធុជ ៖ សកម្មភាពមីន មិនមែនជាការងារ បន្ទាប់បន្សំនោះទេ គឺជាស្នូល នៃការអភិវឌ្ឍជាតិ
ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សកម្មភាពមីន មិនមែនជាការងារបន្ទាប់បន្សំនោះទេ គឺជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ។

ការថ្លែងនេះធ្វើឡើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា សកម្មភាពមីនត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយភ្ជាប់ជាមួយ សន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានដឹកនាំប្រទេសឱ្យទទួលបានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមដំណើរជាមួយកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនៃការបោសសម្អាតមីន ដែលមានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាមួយដែលរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់គោលនយោបាយជាតិ គឺកសាង «កម្ពុជាមួយរួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ» ដែលមានជីវភាពរស់នៅប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ គោលដៅនេះអាចសម្រេចបាន តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបញ្ចប់បេសកកម្មដែលកម្ពុជាបានចាប់ផ្តើមអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
