Feature

លោក ឃួន ផុនរតនៈ គាំទ្រគម្រោងសាកលវិទ្យាល័យកូរ៉េ លើកិច្ចសហការជាមួយ សាកលវិទ្យាល័យកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានបង្ហាញគោលជំហរគាំទ្រ ចំពោះគម្រោងសាកលវិទ្យាល័យកូរ៉េ ក្នុងការសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា ដើម្បីផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ។

ការបង្ហាញការគាំទ្ររបស់លោក ឃួន ផុនរតនៈ នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត JUN Yongwook សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Cheju Halla University នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

សាកលវិទ្យាល័យ Cheju Halla ជាសាកលវិទ្យាល័យឯកជនបង្កើតឡើងក្នុងឆ្នាំ១៩៦៩ នៅខេត្តជេជូ ប្រទេសកូរ៉េ មានមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម និងឈានមុខគេក្នុងការបញ្ចូលបញ្ញាសប្បនិម្មិត AI ក្នុងកម្មវិធីសិក្សា ដូចជា ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ឧស្សាហកម្មឌីហ្សាញ ព័ត៌មានវិទ្យា ដ្រូន និងស្ថាបត្យកម្មជាដើម។

លោកបណ្ឌិត JUN បានជម្រាបឯកឧត្តមទូតកម្ពុជា អំពីគម្រោងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ដោយសហការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឱ្យមានឱកាសបន្តការសិក្សាថ្នាក់ឧត្តម តាមស្តង់ដារកូរ៉េ លើមុខវិជ្ជាគណនេយ្យតាមកម្មវិធីបញ្ញាសប្បនិម្មិត AI ដែលស្របតាមតម្រូវការទីផ្សារការងារអន្តរជាតិ ។

ជាកិច្ចឆ្លើយតបឯកអគ្គរាជទូតកម្ពុជា បានគាំទ្រចំពោះគម្រោងដែលលោកបណ្ឌិតបានលើកឡើង និងបានអញ្ជើញលោកបណ្ឌិតទៅទស្សនាប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នអប់រំ នៃប្រទេសកម្ពុជា ។ បើតាមលោក ឃួន ផុនរតនៈ ស្ថានទូតត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួលជំនួប។

ឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើសាកលវិទ្យាល័យពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតដែលបញ្ចប់ការសិក្សានៅកូរ៉េ និងសហគមន៍ខ្មែរនៅកូរ៉េ ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមនៅសាកលវិទ្យាល័យ Cheju Halla ផងដែរ៕

To Top