រដ្ឋមន្ត្រី ហួត ហាក់ ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយ ទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក លើកកម្ពស់វិស័យ
ភ្នំពេញ៖ លោក រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ថា បងប្អូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយ ទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួម លើកកម្ពស់វិស័យ។

ការលើកឡើង របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយ ការអភិវឌ្ឍសេដ្ឋ កិ ច្ច ក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាព សេវាកម្ម ក្នុងវិស័យទេសចរណ៍ » ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងជំរុញការពង្រឹងគុណភាពសេវាកម្ម និងស្តង់ដាសេវាកម្មអាជីវកម្មទេសចរណ៍ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការចុះឈ្មោះ ក្នុងថ្នាលឌីជីថល របស់រាជរដ្ឋាភិបាល និងការស្នើសុំទទួល យកបណ្ណជំនាញ (Skill voucher) សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។

ថ្លែងក្នុងអង្គសិក្ខាសាលានេះ លោករដ្ឋមន្រ្តី បានប្រាប់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃវិស័យទេសចរណ៍ទាំងអស់ថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ រួមមាន៖ ទី១).អត្ថប្រយោជន៍ ចំពោះផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាព ចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាព នៅតាមមូលដ្ឋាន សុខាភិបាលរដ្ឋ និងឯកជន, ចំណែកបងប្អូន ដែលស្ថិតក្នុង គ្រួសារក្រីក្រ និង ងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន សុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល ។ ទី២).អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។ ទី៣).អត្ថប្រយោជន៍ សម្រាប់ពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill voucher) ដែលបងប្អូន អាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ជំនាញដែលមានស្រាប់ និងទទួលបានជំនាញថ្មីៗ។ និងទី៤).អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាល អាចផ្តល់ការគាំទ្រដល់បងប្អូនបាន កាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។

លោករដ្ឋមន្រ្តី ក៏បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគត ដ៏រីកចម្រើនរបស់ប្រទេសជាតិ។

សូមបញ្ជាក់ជូនថា ក្នុងក្របខ័ណ្ឌការងារ ជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យ ទេសចរណ៍នៅខេត្តសៀមរាប វេទិកានេះ គឺជាជំនួបលើកទី២ ដោយពិធីជួបជុំលើកទី១ជាមួយបងប្អូនម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានរៀបចំនៅរាជធានីភ្នំពេញ ដែលមានអ្នក ចូលរួម ប្រមាណជាង ២,០០០នាក់៕


