ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជា ឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ភ្នំពេញ៖លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធ នឹងការត្រៀមខ្លួនរបស់កម្លាំង ពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

វេទិកានេះប្រព្រឹត្តទៅនៅអគារ The Kampus ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និស្សិត និងសមាជិក សមាជិកា ស.ស.យ.ក.។

ក្នុងឱកាសនេះ លោកបណ្ឌិត គួច សុមាន បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ព្រមទាំងធាតុចូលពាក់ព័ន្ធ នឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។ លោកក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់ និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕











