Feature

កម្ពុជា ត្រូវការធនធានមនុស្សគ្រប់ទម្រង់ ស្របទៅនឹងបរិបទវិវត្តន៍ នៃសកលលោក

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា កម្ពុជា ត្រូវការធនធានមនុស្សគ្រប់ទម្រង់ទាំងអស់ ស្របទៅនឹងបរិបទវិវត្តន៍នៃសកលលោក និងសង្គមទាំងមូល ដែលមានភាពចាំបាច់ ព្រមទាំងពាក់ព័ន្ធនឹងអ្វីៗ ដែលជាចំណេះ និងជំនាញរបស់និស្សិត។

ជាក់ស្ដែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចំនួន ១៧រូប ( ទៅប្រទេសកាណាដា ១៥រូប និងសាធារណរដ្ឋបារាំង ២រូប ) ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្ម ក្នុងការស្វែងរកនូវចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសកាណាដា និងសាធារណរដ្ឋបារាំង នាពេលនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។

ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេងយល់បន្ថែម ពីអតីតកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការ លះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់របស់ថ្នាក់ដឹកនាំចាស់ៗ ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ ទទួលបានភាពជោគជ័យ ក្នុងការសិក្សារៀនសូត្រនៅក្រៅប្រទេស និងវិលត្រលប់មកមាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព ដែលនាំមកជាមួយនូវចំណេះដឹង ដែលខ្លួនបានក្រេបជញ្ជក់យកមក អភិវឌ្ឍប្រទេសជាតិឱ្យមានភាពខ្លាំងក្លា ៕

To Top