Feature

ក្រសួងការងារ និង ILO-Korea រួមគ្នាលើកកម្ពស់ការយល់ដឹង ពីច្បាប់ស្តីពីការងារ និងកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់សុខដុមនីយកម្ម នៅកន្លែងធ្វើការ

ភ្នំពេញ ៖ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបង្ការ និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

ការបណ្តុះបណ្តាលនេះមានគោលបំណង លើកកម្ពស់ចំណេះ ដឹងពីច្បាប់ស្តីពីការងារ សិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងយន្តការដោះស្រាយបណ្តឹងតវ៉ា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាសង្គមនៅកម្រិតសហគ្រាស ដើម្បីកាត់បន្ថយវិវាទ និងលើកកម្ពស់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។

ថ្លែងក្នុងពិធីបើក លោកអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ដែលរៀបចំឡើង ក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺស្របតាមទិសដៅយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

លោកគូសបញ្ជាក់ថា បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និង ធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពគឺ ជាបុគ្គលដ៏សំខាន់ក្នុងការចូលរួម និងដោះស្រាយក្នុងកិច្ចការងារនេះដោយផ្ទាល់ នៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ហេតុនេះ ការកសាងសមត្ថភាពរបស់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល ក៏ដូចជាថ្នាក់ដឹកនាំសហជីព ក្នុងការបង្ការ និងទប់ស្កាត់វិវាទការងារ នៅថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺជាកត្តាចាំបាច់សម្រាប់ជំរុញ បរិយាកាសការងារឱ្យកាន់តែល្អប្រសើរឡើង លើកកម្ពស់ផលិតភាព និងធានាស្ថិរភាពសង្គមកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

ទន្ទឹមនេះ លោក Shin Hochul ប្រធានប្រឹក្សាបច្ចេកទេស នៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើង ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាព របស់ភាគីនិយោជក កម្មករនិយោជិត និងសហជីព ដើម្បីចូលរួមក្នុងកិច្ចសន្ទនា សង្គមក្នុងន័យស្ថាបនាសម្រាប់ផលប្រយោជន៍រួម ដោយលោកសង្កត់ធ្ងន់ថា ការងារអាទិភាព គឺគួរតែផ្តោតលើការជំរុញ ដំណោះស្រាយប្រកបដោយមិត្តភាពតាមរយៈយន្តការការចរចា ការផ្សះផ្សា និងការសម្របសម្រួល ជាជាងការបណ្តែតបណ្តោយឱ្យវិវាទឈានដល់ការប្រឈមមុខដាក់គ្នា ឬអូសបន្លាយរយៈពេលយូរ៕

To Top