ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឡងប្រជែងជ្រើសរើស ក្របខណ្ឌ មន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ ២០២៦ ចំនួន ១៣៥ នាក់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦ ចំនួន១៣៥នាក់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីលោកនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៥ លោកអធិការនគរបាលក្រុង-ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានផ្សព្វផ្សាយ និងណែនាំអំពីដំណើរការ ព្រមទាំងចំណុចសំខាន់ៗពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស សម្រាប់ឆ្នាំ២០២៦ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានយល់ដឹងច្បាស់លាស់ និងអាចផ្សព្វផ្សាយបន្តជូន ដល់បេក្ខជនដែលមានបំណងចូលរួមប្រឡង។

លោកស្នងការរង ក៏បានណែនាំឱ្យអង្គភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ព័ត៌មានឱ្យបានទូលំទូលាយ ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអនុវត្តតាមសេចក្តីជូនដំណឹង និងគោលការណ៍ដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានជំរុញឱ្យកម្លាំងនគរបាលពាក់ព័ន្ធបន្តផ្សព្វផ្សាយ ព័ត៌មានទៅដល់សាធារណជន និងយុវជនដែលមានចំណាប់អារម្មណ៍ ដើម្បីឱ្យពួកគេបានទទួលព័ត៌មានគ្រប់គ្រាន់ និងអាចត្រៀមលក្ខណៈចូលរួមការប្រឡងប្រជែងតាមនីតិវិធីដែលបានកំណត់។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រី នគរបាលជាតិបំពេញជួស គឺជាដំណើរការជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលក្រសួង មហាផ្ទៃបានកំណត់ ៕

ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top