Feature

រដ្ឋមន្ដ្រីអប់រំ ៖ ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍ ទោះបីបញ្ហាព្រំដែនកម្ពុជា-ថៃ មិនទាន់បញ្ចប់

ព្រះវិហារ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍ ទោះបីជម្លោះព្រំដែនរវាង កម្ពុជា-ថៃ មិនទាន់បញ្ចប់ក៏ដោយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបុគ្គលិកអប់រំ គណៈកម្មការគ្រប់គ្រងជំរំ លោកគ្រូ អ្នកគ្រូ នៃជំរំសុវត្ថិភាពតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបន្តបំពេញភារកិច្ចបង្រៀន សិស្សនៅគ្រប់កាលៈទេសៈ ព្រមទាំងបានផ្តាំផ្ញើ នូវការថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានបន្តបញ្ជូនកូនមកទទួលការអប់រំ ទោះបីជាការរស់នៅជួបការលំបាក ខណៈជម្លោះព្រំដែនជាមួយប្រទេសថៃមិនទាន់បញ្ចប់ ដោយគូសបញ្ជាក់ថា ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍។

លទ្ធផលដ៏ល្អប្រសើរជាទីមោទនៈ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ របស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនទាំង៣ គឺ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ដោយបានប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជំរុញ ព្រមទាំងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងបង្រៀនយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងការគាំទ្រលើកទឹកចិត្តយ៉ាងល្អពីសំណាក់គ្រួសារ អាណាព្យាបាល និងសហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាខឿនដ៏រឹងមាំក្នុងការការពារប្រទេសជាតិពីការរំលោភបំពាន។

ជាថ្មីម្តងទៀត លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបន្តជួយគាំទ្រពីសំណាក់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដល់ការលើកកម្ពស់វិស័យអប់រំ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមជំរំក្នុងមណ្ឌលសុវត្ថិភាព និងគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ន៕

To Top