Feature

ប្រមុខការពារជាតិកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ នៅអូស្ត្រាលី

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គ្រោងនឹងជួបប្រជុំទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ព្រមទាំងជួបពិភាក្សាការងារ ជាមួយមេបញ្ជាការប្រភេទទ័ពអូស្ត្រាលីមួយចំនួនផងដែរ។ ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹងពិភាក្សាការងារនៅក្នុងកិច្ចប្រជុំតុមូលផងដែរ។

នៅក្នុងកិច្ចប្រជុំទាំងនោះភាគីទាំងពីរគ្រោងនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសន្តិសុខលម្អសមុទ្រ សន្តិសុខតាមអ៉ីនធឺណិត ការចែករំលែកព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាលយោធិនអាជីព និងការអភិវឌ្ឍគោលនយោបាយការពារជាតិ រួមទាំងបញ្ហាសន្តិសុខតំបន់ជាដើម។

សូមបញ្ជាក់ថា ដំណើទស្សនកិច្ចផ្លូវការនេះនឹងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើនជាលំដាប់។ ការពង្រឹងទំនាក់ទំនងនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» (Comprehensive Partnership) នៅពេលឆាប់ៗខាងមុខ៕

To Top