Feature

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល តែងតែតវ៉ាជំទាស់ដាច់អហង្ការ ករណីថៃរំលោភបំពានកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការគ្រប់ការរំលោភបំពានទាំងអស់ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការនូវគ្រប់ការរំលោភបំពានទាំងអស់ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងថៃ ព្រោះការតវ៉ានេះមានសារៈសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាតនូវការរំលោភឈ្លានពាន ។

លោកបញ្ជាក់ថា “ឯកសារតវ៉ាជាផ្លូវការនេះ ក៏មានតម្លៃគតិយុត្តមិនអាចខ្វះបាន ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងជួយរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានរហូតទាល់តែមានដំណោះស្រាយជាស្ថាពរ” ។

បើតាមលោកប៉ែន បូណា ទន្ទឹមនឹងការតវ៉ា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែសម្របសម្រួលឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិ ទៅទស្សនកិច្ចដោយផ្ទាល់នៅទីតាំងដែលកងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជា-ថៃ ជាញឹកញាប់ដែរ។ ពួកគេតែងតែជាសាក្សីផ្ទាល់ភ្នែកដ៏សំខាន់ចំពោះអ្វីដែលបានកើតឡើង។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីការងារការទូតយ៉ាងសកម្ម រស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ៕

To Top