លោក ទីវ រ៉ាវុឌ្ឍ ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំទិសដៅដល់សិស្សថ្នាក់ទី១២ ក្រោយបញ្ចប់ការប្រឡង៩០នាក់
ពោធិ៍សាត់៖ នារសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៦លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពងពោធិ៍ និង ឃុំអូរសណ្តាន់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ បន្ទាប់ពីបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានសម្តែងការអបអរសាទរ និងលើកទឹកចិត្តឱ្យប្អូនៗបន្តខិតខំសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា និងការជ្រើសរើសមុខជំនាញសម្រាប់អនាគត។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ បានចែករំលែកបទពិសោធន៍ និងផ្តល់ការណែនាំដល់ប្អូនៗឱ្យចេះកំណត់គោលដៅជីវិត ស្គាល់ពីសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីជ្រើសរើសជំនាញសិក្សា និងមុខរបរឱ្យបានសមស្រប។លោកក៏បានចង្អុលបង្ហាញទិសដៅឱ្យប្អូនៗយកចិត្តទុកដាក់លើការអភិវឌ្ឍចំណេះដឹង ជំនាញវិជ្ជាជីវៈ ភាសាបរទេស បច្ចេកវិទ្យា និងសីលធម៌ ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។ជាមួយគ្នានេះ លោកបានជូនថវិកាអោយប្អូនៗម្នាក់២០០០០៛និងជូនពរឱ្យប្អូនៗទទួលបានលទ្ធផលល្អពីការប្រឡង និងទទួលបានជោគជ័យក្នុងការបន្តការសិក្សា ព្រមទាំងមានអនាគតល្អប្រសើរតាមក្តីស្រមៃរបស់ខ្លួន។

បន្ថែមទៀតលោកបាន ប្រគល់ជូនសម្ភារៈកីឡាដល់ក្លឹបយុវជនឃុំក្បាលត្រាច អាវចំនួន ៣០ឈុត និងសម្ភាររះផ្សេងៗទៀតផងដែរ៕
អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល
