កញ្ញា កឹម មនោវិទ្យា ជួបទូតបារាំង ប្រចាំកម្ពុជា ផ្តោតលើបញ្ហាព្រំដែន
ភ្នំពេញ ៖ ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជា កញ្ញា កឹម មនោវិទ្យា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក អូលីវីយេ រីស្ហាឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅស្ថានទូតបារាំង ។
ក្នុងជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាមួយប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ផ្តោតសំខាន់អំពីមុខតំណែងថ្មី របស់កញ្ញា រួមទាំងការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-ថៃ ។

សូមបញ្ជាក់ថា ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រី គឺលោកជំទាវ កឹម មនោវិទ្យា បន្ទាប់ពីទទួលបានការតែងតាំងជាផ្លូវការ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦មក គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយអង្គទូត និងតំណាងបរទេសចំនួន ៤ រូប។ជំនួបទាំង៤នោះរួមមាន ៖ លើកទី១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ជួបជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា , លើកទី២ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជួបជាមួយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា , លើកទី៣ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានជួបជាមួយលោកជំទាវ Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលើកទី៤នេះជួបទូតបារាំង ។ រាល់ជំនួបទាំងនេះ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាអំពីតួនាទីថ្មី របស់លោកជំទាវ ព្រមទាំងផ្លាស់ប្តូរមតិយោបល់ លើស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ និងកិច្ចការវិនិយោគផ្សេងៗ៕
