Feature

អាមេរិកប្តេជ្ញា ចិត្តប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែន ជាមួយកម្ពុជា

ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆ្លងដែន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការទទួលបានលទ្ធផល សម្រេចជាក់ស្ដែង។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអាមេរិក និងកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យកម្ពុជា ធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជន ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការចែករំលែកព័ត៌មានអំពីការគំរាមកំហែងឆ្លងដែន ព្រមទាំងរបៀបដែលសហរដ្ឋអាមេរិក អាចផ្តល់ជំនួយបច្ចេកទេស ដើម្បីកសាងសមត្ថភាព ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។

ចំពោះការគំរាមកំហែងឆ្លងដែនទាមទារឱ្យមានឆ្លើយតបជាអន្តរជាតិនោះ ភាគីសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីការពារទាំងពលរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការបង្ក្រាបឧក្រិដ្ឋជន តាមប្រព័ន្ធអ៊ីនធឺណិត នៅគ្រប់ទីតាំងធ្វើសកម្មភាពរបស់ពួកគេ ៕

To Top