Feature

ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ! កម្ពុជា អំពាវនាវឱ្យបង្កើន កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយបើកទូលាយ និងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយការ ទទួលខុសត្រូវ

ក្រុងសិនជិន ៖ ពីទីក្រុងសិនជិន ប្រទេសចិន លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានកម្ពុជា បានអំពាវនាវឱ្យបង្កើន កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ បើកទូលាយ និងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយការទទួលខុសត្រូវ ។ ការអំពាវនាវនេះ ធ្វើឡើងឱកាស ដែលលោកអនុរដ្ឋលេខាធិការ អញ្ជើញចូលរួម ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក Asia-Pacific Media Forum (APMF) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោក ប្រាក់ ថាវអមិដា បានសង្កត់ធ្ងន់ លើសសរស្តម្ភសំខាន់ៗចំនួនបី គឺ «ភាពបើកទូលាយ បរិវត្តកម្មឌីជីថល/បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ» ដើម្បីចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

ក្នុងនោះរួមមាន៖

១/ ភាពបើកទូលាយ និងការទទួលខុសត្រូវ ៖ ភាពបើកទូលាយជាកត្តាចាំបាច់ ក្នុងការកសាងការយោគយល់ និងទំនុកចិត្តគ្នាក្នុងសង្គម។ លោកថា កម្ពុជា ប្តេជ្ញាលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានអាជីពច្បាស់លាស់ បរិយាបន្ន និងទាន់សម័យ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើនការយល់ដឹង ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។

២/ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)៖ ការរីកចម្រើន នៃបច្ចេកវិទ្យា AI, Cloud, Big Data និងផ្លែតហ្វមឌីជីថល បានផ្លាស់ប្តូរមុខមាត់ ប្រព័ន្ធផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ។ កម្ពុជាគាំទ្រ ការយកបច្ចេកវិទ្យា មកប្រើប្រាស់ ប៉ុន្តែត្រូវតែឈរលើគោលការណ៍ «យកមនុស្សជាស្នូល» មានក្រមសីលធម៌ តម្លាភាព និងការទទួលខុសត្រូវ ដោយមិនត្រូវទុកឱ្យ AI មកជំនួសការវិនិច្ឆ័យ របស់អ្នកសារព័ត៌មានអាជីពឡើយ ។

៣/ កិច្ចសហប្រតិបត្តិការតំបន់៖ លោក បានអំពាវនាវឱ្យមាន ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល អ្នកសារព័ត៌មានវ័យក្មេង ការផ្ទៀងផ្ទាត់ព័ត៌មាន (Fact-checking) និងការផលិតមាតិកាស្ថាបនា ដែលបម្រើឱ្យការអភិវឌ្ឍរួម។ លោកបានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយគួរតែនិយាយ «ជាមួយគ្នា» និងរៀនសូត្រពីគ្នា ជំនួសឱ្យការនិយាយ «ពីគ្នា»។

លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ជាថ្មីថា កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូនានា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីកសាងសហគមន៍តំបន់មួយ ដែលមានសន្តិភាព បរិយាបន្ន និងវិបុលភាពរួម៕

To Top