៣ថ្ងៃខែកញ្ញា នៃការចុះបន្តឹងច្បាប់ ចរាចរណ៍មានអ្នកស្លាប់២នាក់ ខុសពី៣ថ្ងៃខែមុនស្លាប់១៨នាក់
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នគរបាលជាតិបានថ្លែងថា ក្នុងរយៈពេលដែលសមត្ថកិច្ចនគរបាល ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រឹមរយៈពេល៣ថ្ងៃមកនេះ មានតែអ្នកស្លាប់២នាក់ប៉ុណ្ណោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ខុសប្លែកកាលពី៣ថ្ងៃដើមខែមុន មានអ្នកស្លាប់ដល់១៨នាក់។
ក្នុងវេទិកាអ្នកនាំពាក្យ ក្រោមប្រធានបទ ការប្រើប្រាស់បណ្ណបើកបរឌីជីថល និងលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ ឧត្តមសេនីយ៍ឯក ចេវ ហាក់ លើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍សាជាថ្មី គិតតាំងពីថ្ងៃ១ដល់ថ្ងៃទី៣ ខែកញ្ញា ពិតជាបានផលល្អមែនជាទីគាប់ប្រសើរមែន ដោយក្នុងរយៈពេល៣ថ្ងៃនេះ មានអ្នកស្លាប់បាត់បង់ជីវិត២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខុសកាលពីដើមខែសីហា ក្នុងរយៈពេល៣ថ្ងៃដូចគ្នា មានអ្នកដំណើរនៅតាមដងផ្លូវនានា បានស្លាប់រហូតទៅដល់១៨នាក់ ។
លោកបន្តថា “ក្នុងរយៈពេលថ្ងៃដែលយើងអនុវត្តរឹតបន្តឹងច្បាប់នេះ មានតែអ្នកស្លាប់២នាក់ទេ ហើយ៣ថ្ងៃកន្លងមកនេះ ១៨នាក់ បានន័យថា មានការប្រែប្រួលច្រើន ថយ១៦នាក់ ។ ស្លាប់២នាក់នេះ មានអ្នកនៅភ្នំពេញនិងកំពុងស្ពឺ ហើយរបួស២៩នាក់”។
អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងទៀតថា ដោយឡែកការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍៣ថ្ងៃនេះដែរ បានត្រួតពិនិត្យរថយន្តសរុបទាំងអស់ជិត៧០០គ្រឿង ទាំងនៅក្នុងរាជធានី-ខេត្តដែលបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ឡើងវិញ ។ ក្រៅពីរាជធានី-ខេត្តទាំង៥នេះ ក្រុមសមត្ថកិច្ចជំនាញនៅតែបន្តចុះអប់រំណែនាំពីការគោរពច្បាប់ចរាចរណ៍ឱ្យបានយល់ដឹងបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ៕
