Feature

សំឡេងការពិតពីព្រំដែនបង្ហាញពីការឈ្លានពានលើកម្ពុជា របស់ភាគីថៃកំពុងលាន់លឺជាបន្តបន្ទាប់លើឆាកអន្តរជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការឈ្លានពាន លើបូរណភាពទឹកដីកម្ពុជា ដោយបំពានច្បាប់អន្តរជាតិរបស់ភាគីថៃ បាននិងកំពុងលាន់លឺជាបន្តបន្ទាប់ ឥតដាច់លើឆាកអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា ការលាន់លឺជាលក្ខណៈអន្តរជាតិ ចំពោះការរំលោភបំពានកម្ពុជា ពីសំណាក់ភាគីថៃនេះ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីអ្នកស្រឡាញ់សន្តិភាព អ្នកការពារប្រជាជាតិដែលរងការរំលោភបំពាន និងអ្នកដែលផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក ។

លោកថា “នេះសបញ្ជាក់ថា ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ខណៈដែលការងារការទូត បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខ្លាំងក្លា និងរស់រវើករបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ នយោបាយការទូត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងព្រមៗគ្នា ទាំងការរទូតក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ទាំងការទូតសភា ដើម្បីជំរុញឱ្យមានដំណោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់ តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀង នានាដែលមានស្រាប់៕

To Top