Feature

លោក កែវ រតនៈ និងលោក ខូយ រីដា ជួបសំណេះសំណាល ជាមួយសិស្សប្រឡងជាប់ និទ្ទេស A ទូទាំងខេត្តពោធិ៍សាត់ ៣៦នាក់

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ទូទាំងខេត្តពោធិ៍សាត់ ចំនួន ៣៦នាក់ ។

ពិធីនេះបានរៀបចំឡើង នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការចូលរួម ពីអាណាព្យាបាលសិស្ស ព្រមទាំងប្រធានក្រុមបក្សសង្កាត់ព្រៃញី និងសង្កាត់បន្ទាយដី ។

ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលរបស់សិស្សជ័យលាភីទាំង ៣៦នាក់ ព្រមទាំងផ្តល់ការលើកទឹកចិត្ត និងអនុសាសន៍ល្អៗ ដើម្បីឱ្យសិស្សទាំងអស់បន្ត ខិតខំសិក្សា ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន សម្រាប់ការបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា និងត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់សង្គម និងប្រទេសជាតិនាពេលអនាគត។

ជាមួយគ្នានេះ អាណាព្យាបាលក៏បានចូលរួមសម្តែង នូវក្តីរីករាយ និងមោទកភាព ចំពោះលទ្ធផលសិក្សារបស់កូនៗ និងបន្តគាំទ្រ ឱ្យពួកគេមានឱកាសបន្តការ សិក្សាឱ្យបានខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ និងក្តីស្រមៃរបស់ខ្លួន៕
រូបភាព÷ រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទនេះ÷ ខេម៉ា/ដើមអម្ពិល

To Top