សម្តេច ស ខេង ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ជាយន្តការដ៏សំខាន់
ភ្នំពេញ ៖ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតចូលមកដល់ នៅពាក់កណ្តាលឆ្នាំ២០២៧ខាងមុខ។

ក្នុងឱកាសអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន ដែលស្ថិតនៅជាប់ផ្ទាល់ ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាដំណើរការដ៏មានសារៈសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ប្រទេសជាតិ។
សម្ដេចមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺ ជាយន្តការដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ដំណើរការពង្រឹង អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងជំរុញដំណើរការវិមជ្ឈការនៅថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងការជំរុញអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែឆ្លើយតប និងមានប្រសិទ្ធភាព។
សម្តេច ស ខេង សង្កត់ធ្ងន់ថា ការបោះឆ្នោតដោយផ្ទាល់នៅថ្នាក់ឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីថ្នាក់មូលដ្ឋាន ដែលជាការចូលរួមពង្រឹងស្ថិរភាព នយោបាយ ស្ថិរភាពសង្គម និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ស ខេង សង្ឃឹម យ៉ាងមុតមាំថា សមាជិកបក្សទាំងអស់នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕
