Feature

តំណាងកម្ពុជា ចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ជំរុញឱកាសការងារ សម្រាប់យុវជន និងការអភិវឌ្ឍជំនាញ ក្នុងវិស័យទេសចរណ៍ ប្រកបដោយចីរភាព

សាធារណរដ្ឋស៊ីប ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខា សាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ “ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន” ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញ របស់វិទ្យាស្ថានហ្វ្រង់កូហ្វូនី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្រសួងការបរទេស នៃសាធារណរដ្ឋស៊ីប ។

សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផល នៃគម្រោង DET ព្រមទាំងពិភាក្សា និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញ សម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ព្រមទាំងស្វែង រកប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់គម្រោង ទេសចរណ៍នានា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី​ ដោយមានការចូលរួមពីអ្នកជំនាញ តំណាង អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមកពីបណ្តា ប្រទេសសមាជិកចំនួន១៩ប្រទេស សរុបប្រមាណ៦៧រូប ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kostas Koumis រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងក្រសួងការបរទេសស៊ីប និងលោកស្រី Cécile Martin-Phipps នាយិកាវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកយុទ្ធសាស្ត្រ រួមពាក់ព័ន្ធនឹងការលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការស្វែងរកប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរាជរដ្ឋាភិបាល នៃបណ្តាប្រទេសនិយាយភាសាបារាំង សហគ្រាស ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ព្រមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញ សម្រាប់យុវជនឱ្យឆ្លើយតបទៅ នឹងតម្រូវការនៃទីផ្សារការងារ ។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសាកល្បង (Pilot Countries) ទាំង៤ នៃគម្រោង DET រួមមាន កម្ពុជា កាប់វែរ​ កូម័រ ​និងវៀតណាម។ ការចូលរួមជាប្រទេស សាកល្បងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕

To Top