ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ពង្រីកកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះ ប្រព្រឹត្តិទៅក្រោមភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន នៃអ.ជ.ប.គ.ញ. តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងកងទ័ពជើងទឹក, តំណាងមន្ទីរប្រឆាំងគ្រឿងញៀននិងមន្ត្រីជំនាញនៃអ.ជ.ប.គ.ញ. នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាសក្ខីភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពី ឆន្ទៈ និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ឈានទៅមុខកាន់តែរឹងមាំ សម្រេចបាននូវគោលដៅរួមក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

នាយឧត្តមសេនីយ៍ បន្ដថា ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងពិនិត្យមើលទម្រង់និងខ្លឹមសារនៃ MOU គឺដើម្បីជួយគ្នាទៅវិញទៅមកពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀន។ ហើយជាក់ស្តែងប្រទេសកូរ៉េក៏ប្រឈមទៅនឹងបញ្ហាគ្រឿងញៀនខ្លាំងក្លាជាពិសេសគឺការលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវសមុទ្រទាំងក្នុងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ហេតុនេះហើយបានជាកូរ៉េបង្កើនការយកចិត្តទុកដាក់៕

To Top